ខ្ចីទូរស័ព្ទនិយាយមួយភ្លែត, បានទូរស័ព្ទយករត់គេចខ្លួនត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនជាក់ស្តែងក្នុង ករណីឆក់ទូរស័ព្ទរត់ថ្មើរជើង​ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១ និង៤៥នាទីរសៀល នៅចំណុចផ្លូវបេតុង ក្រុម០៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អេង តឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឫស្សីកែវ មុខរបរលក់គ្រឿងក្រអូបឡាន។

​ចំណែក ជនសង្ស័យឈ្មោះ ស៊ុត សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ក្រុម០៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ សម្ភារៈដកហូត ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ហ្វាយ ពណ៌ស.មាស បានធ្វើការប្រគល់ឱ្យទៅម្ចាស់វិញ។

​ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះកំពុងឈរចុចទូរស័ព្ទលេង ក៏មានជនសង្ស័យម្នាក់មិនដែលស្គាល់គ្នា​ បានមកខ្ចីទូរស័ព្ទជនរងគ្រោះតេ ដើម្បីរកពួកម៉ាក​ ហើយ​ជនរងគ្រោះបានឱ្យខ្ចី។ ជនសង្ស័យពេលបានទូរស័ព្ទក៏រត់ ជនរងគ្រោះបានស្រែកឆោឡោត្រូវបានកម្លាំងប៉ូលិសល្បាតនៅក្បែរនោះធ្វើអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបាន។

​បច្ចុប្បន្នប៉ូលិស ផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី៕

 

adverise with khmeread