យល់សប្តិហើយភ្លេចវិញ អ្នកវិទ្យាសាស្ត្រណែនាំឱ្យទទួលទានអាហារសម្បូរវីតាមីន B6 នឹងជួយឱ្យចងចាំសុបិនមកវិញ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វីតាមីន B6 ដែលគេរកឃើញនៅក្នុងត្រីធូណា ចេក ស៊ុត សាច់ជ្រូក មាន់ បាយ (អង្ករសម្រូប) គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុង និង សណ្តែកដី អាចជួយឱ្យមនុស្សនឹកឃើញសុបិនរបស់ពួកគេបានកាន់តែប្រសើរឡើង។

ការស្រាវជ្រាវនេះបានរកឃើញថា ការទទួលទានអាហារទាំងនេះយ៉ាងតិចរយៈពេល ៥ ថ្ងៃ អាចបង្កើនសមត្ថភាពរបស់មនុស្សក្នុងការចងចាំសុបិនរបស់ពួកគេបាន ៦៤ ភាគរយ។

ទោះបីគេមិនច្បាស់ថាហេតុអ្វីបានជាវាអាចជួយឱ្យនឹកឃើញយល់សប្តិនោះ ទ្រឹស្តីមួយ គឺ វីតាមីន B6 អាចជួយបំប្លែងអាមីណូអាស៊ីតទៅជាសារធាតុគីមី ដែលមានឥទ្ធិពលលើអារម្មណ៍ និងការគេង។

វេជ្ជបណ្ឌិត Denholm Aspy មកពីសាកលវិទ្យាល័យ Adelaide ដែលដឹកនាំការស្រាវជ្រាវនេះបាននិយាយថា "មនុស្សជាមធ្យមចំណាយពេលយល់សប្តិប្រហែល ៦ ឆ្នាំក្នុងមួយជីវិតពួកគេ។ វាអាចទៅរួចក្នុងការប្រើប្រាស់សុបិនក្នុងសុបិន ដើម្បីដោះស្រាយបញ្ហាយល់សប្តិអាក្រក់ ព្យាបាលរោគខ្លាចឥតរឿងហេតុ ដោះស្រាយបញ្ហាប្រកបដោយការច្នៃប្រឌិត បង្កើនជំនាញគិតពិចារណា ហើយថែមទាំងជួយបន្ធូរបន្ថយភាពតានតឹងសព្វរាងកាយផងដែរ"។

លោកបន្តថា "ដើម្បីឱ្យបានយល់សប្តិក្នុងយល់សប្តិ ទាល់តែពូកែចងចាំសុបិនច្បាស់លាស់រៀងរាល់ថ្ងៃមិនងាយភ្លេច"៕

adverise with khmeread