ពេលច្បាប់តម្រូវឱ្យចេញខ្ទង់ប្រាក់ខែនាយកនិងបុគ្គលិក ប្រាក់ខែនាយកប្រតិបត្តិផ្សារ Walmart ធំបំផុតនៅអាមេរិកធៀបនឹងបុគ្គលិក ខុសគ្នាមេឃដី

នាយកប្រតិបត្តិក្រុមហ៊ុនផ្សារទំនើប Walmart អាចរកប្រាក់ចំណូលច្រើនជាងលើសលប់ស្ទើរមិនគួរឱ្យជឿធៀបនឹងបុគ្គលិករបស់ក្រុមហ៊ុនមួយនេះ។ និយាយឱ្យចំ គឺលើសគ្នាទៅដល់ ១១៨៨ ដង។

លោក Doug McMillon អាចរកកម្រៃបានចំនួន ២២,៨លានដុល្លារអំឡុងឆ្នាំសារពើពន្ធចុងក្រោយរបស់ Walmart ដែលបញ្ចប់កាលពីថ្ងៃទី៣១ ខែមករា។ យោងតាមឯកសាររបស់ក្រុមហ៊ុនមួយបានលើកឡើង។

ទន្ទឹមនឹងនោះដែរ ចំណូលមធ្យមរបស់បុគ្គលិក Walmart អាចទទួលបាន ១៩.១៧៧ដុល្លារនៅក្នុងអំឡុងពេលដូចគ្នានេះដែរ។

Walmart ដែលជាក្រុមហ៊ុនលក់រាយធំបំផុតរបស់អាមេរិក មានបុគ្គលិកប្រមាណជា ២,៣លាននាក់ទូទាំងពិភពលោក រាប់ទាំងបុគ្គលិកពេញម៉ោង និងក្រៅម៉ោង។ បុគ្គលិកប្រហែលជា ១,៥លាននាក់គឺបានបម្រើការងារនៅក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនជាច្រើនកាលពីពេលថ្មីៗនេះតម្រូវឱ្យចេញផ្សាយសមាមាត្រចំណូលរបស់នាយកប្រតិបត្តិជាលើកដំបូង។ ការផ្លាស់ប្តូរនេះត្រូវបានកំណត់ជាថ្មីនៅក្រោមកំណែទម្រង់ហិរញ្ញវត្ថុ Dodd-Frank ត្រូវបានអនុម័តអំឡុងរដ្ឋបាលអូបាម៉ា៕

adverise with khmeread