តិចទៀតអ្នកអត់លិឍនឹងឆាប់រកបានមិត្ត ១០០ ឆ្នាំឆាប់ៗនេះហើយ ពេល Facebook ដាក់ឱ្យប្រើសេវាកម្មគូណាត់ដ៏អស្ចារ្យរបស់ខ្លួន

ប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃអង្គារទី១ឧសភាថា បណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះនឹងដាក់បញ្ចូលសេវាកម្មគូណាត់ថ្មីមួយទៀតក្នុងពេលឆាប់ៗនេះ ហើយប្តេជ្ញាធ្វើឱ្យការការពារសិទ្ធិឯកជនជាអាទិភាពរបស់ខ្លួន បន្ទាប់ពីរឿងអាស្រូវរបស់ Cambridge Analytica ។

លោក Zuckerberg បានបង្ហាញពីផែនការនានានៅពេលលោកថ្លែងនៅសន្និសីទស្តីពីកម្មវិធីអ្នកអភិវឌ្ឍប្រចាំឆ្នាំរបស់ Facebook នៅទីក្រុងសាន់ហូសេ រដ្ឋកាលីហ្វ័រញ៉ា ដោយសង្កត់ធ្ងន់ថា ការផ្តោតសំខាន់ គឺ លើការជួយមនុស្សឱ្យស្វែងរកដៃគូយូរអង្វែងរបស់ខ្លួន។

ក្នុងពេលបង្ហាញលក្ខណៈពិសេសថ្មីនេះ ដោយកត់សម្គាល់ថា អាពាហ៍ពិពាហ៍មួយក្នុងចំណោមបីនៅសហរដ្ឋអាមេរិកចាប់ផ្តើមនៅលើអនឡាញ ហើយប្រហែល ២០០ លាននាក់នៅលើ Facebook បង្ហាញអត្តសញ្ញាណខ្លួនឯងថានៅលីវនោះ លោក Mark Zuckerberg និយាយថា "នេះនឹងផ្តោតលើការកសាងទំនាក់ទំនងយូរអង្វែងពិតប្រាកដ"។

ក្រោមលក្ខណៈពិសេសថ្មីនេះ អ្នកប្រើប្រាស់នឹងអាចបង្កើតប្រវត្តិរូប "គូណាត់" ដាច់ដោយឡែកមួយ មិនអាចមើលឃើញក្នុងចំណោមបណ្តាញមិត្តភក្តិរបស់ពួកគេទេ ដោយគូដែលសមនឹងពួកគេនឹងត្រូវណែនាំ ផ្អែកតាមចំណង់ចំណូលចិត្តណាត់ជួបគ្នា ចំណុចដែលមានដូចគ្នា និង អ្នកស្គាល់គ្នាទៅវិញទៅមក។

លោក Zuckerberg មិនបានបញ្ជាក់ថាតើលក្ខណៈពិសេសនេះនឹងមិនគិតថ្លៃស្របតាមការផ្តល់ជូនជាស្នូលរបស់ Facebook ឬយ៉ាងណានោះទេ ប៉ុន្តែការប្រកាសនេះគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យភាគហ៊ុននៅក្នុងវេបសាយគូណាត់ Match.com ធ្លាក់ចុះ ១៧ ភាគរយ។

អគ្គនាយកវ័យ ៣៣ឆ្នាំរូបនេះក៏បាននិយាយផងដែរថា ការផ្តល់ជូនសេវាកម្មគូណាត់នេះត្រូវបានកសាងឡើងដោយផ្អែកលើសិទ្ធិឯកជននិងសុវត្ថិភាពនៅក្នុងចិត្ត ខណៈដែលលោកបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជំរុញការពារសិទ្ធិឯកជន។

សន្និសីទអ្នកអភិវឌ្ឈដែលគេតាមដានមើលយ៉ាងយកចិត្តទុកដាក់របស់ Facebook នេះធ្វើឡើង នៅពេលដែលក្រុមហ៊ុនយក្សមួយនេះប្រឈមនឹងការពិនិត្យពិច័យយ៉ាងទូលំទូលាយទូទាំងសកលលោកលើការប្រមូលយកទិន្នន័យផ្ទាល់ខ្លួនដោយក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនប្រឹក្សាខាងនយោបាយរបស់ចក្រភពអង់គ្លេស ដែលធ្វើការសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ របស់លោក ដូណាល់ ត្រាំ។

Facebook បានសារភាពថាអ្នកប្រើប្រាស់រហូតដល់ ៨៧ លាននាក់អាចនឹងត្រូវគេប្រមូលយកទិន្នន័យនៅក្នុងរឿងអាស្រូវនេះ ដែលឃើញលោកហ្សាក់ឃើបឺកត្រូវបានជជីកសួរដេញដោលយ៉ាងយូរដោយសភាអាមេរិកកាលពីខែមុន។

លោក Mark Zuckerberg បានប្រាប់ទស្សនិកជនថា "យើងត្រូវប្រាកដថារឿងនេះនឹងមិនកើតឡើងម្តងទៀតទេ"៕

 

adverise with khmeread