ទើបចេញពីក្លឹបស្រវឹងជោក បើករថយន្តទំនើបបុករះបង្គោលភ្លើង និងបង្គោលស្លាកចរាចរណ៍

​ភ្នំពេញ ៖ បុរសម្នាក់ទើបចេញពីក្លឹបស្រវឹងស្រា​ជោក បើករថយន្តស៊េរីទំនើប​ Range Rover មួយ​គ្រឿង​ ​ក្នុង​ល្បឿន​យ៉ាងលឿន​ដូចហោះ រេចង្កូត​ឡើង​ទៅលើ​ចិញ្ចើម​ផ្លូវ បុកបង្គោលភ្លើង​ និងបង្គោលស្លាកចរាចរណ៍ បាក់អស់ជាច្រើនដើម និងបាក់សង្កត់លើថយន្ត Lexus មួយគ្រឿងទៀត រងការខូចខាតផ្នែកខាងក្រោយ​ យ៉ាងដំណំ​។

​គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅពីវេលាម៉ោង​២ និង៤៥នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី០២ ខែឧសភា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចក្បែររង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវ​ព្រះសុរាម្រិត​ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្ក​ម៉ាក Range Rover ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-8558 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ​។ រថយន្តរងគ្រោះ ម៉ាក Lexus ​RX300 ពាក់ស្លាកលេខ ភ្នំពេញ​ 2AO-9429​។

​ប្រភពបន្តថា​ មុនពេលកើតហេតុគេ បានឃើញរថយន្តបង្ក បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុរាម្រិត ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតឡើងចិញ្ចើមផ្លូវ បុកបង្គោលភ្លើង​ និងបង្គោលស្លាកសញ្ញាចរាចរណ៍​ បណ្ដាលបាក់អស់ជាច្រើន ដើម ហើយបង្គោលភ្លើងក៏បាក់រលំត្រូវរថយន្ត Lexus មួយគ្រឿង​ ដែលចតចោលនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ​​។​ ចំណែករថយន្តបង្ក កល់ជាប់បើកទៅមុខលែងរួច និងរងការខូចខាតស្ទើរទាំងស្រុង​។

​ក្រោយមកម្ចាស់រថយន្តបានបើកទ្វាចុះមក​រួចដើរ​មក​ ទាំងក្នុងស្ថានភាពស្រវឹងស្រា​ទន់ខ្លួន រួចរៀបរាប់ប្រាប់ឱ្យដឹងថា គាត់ជាម្ចាស់រថយន្តបង្កខាងលើនេះ មានឈ្មោះ ខេង អាយុ​២៩ឆ្នាំ មានទីលំនៅផ្លូវ​ហ្សាលដេហ្គោល ម្ដុំផ្សារឌុយម៉េច ខណ្ឌ៧មករា ដោយទើបតែចេញពីជួបជុំមិត្តភ័ក្តនៅក្លឹប SOUND បំណងបើកទៅផ្ទះ តែមកដល់កន្លែងកើតហេតុ​ ក៏ជួបគ្រោះថ្នាក់បែបនេះ។

​បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការឃាត់បុរសឈ្មោះ ខេង ដែលជាអ្នក បើករថយន្តបង្កខាងលើនោះ និងនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ មកធ្វើការវាស់វែង យករថយន្តនិងបង្គោលភ្លើងស្លាកសញ្ញាចរាចរណ៍ ដែលបាក់និងខូចខាតនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទៅតាមផ្លូវច្បាប់៕

 

adverise with khmeread
tiger
Loading ad ...