ចាក់ម្តាយ៣កាំបិត ព្រោះខឹងសុំលុយទិញថ្នាំញៀនមិនបាន

​ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងសុំលុយម្ដាយទៅទិញថ្នាំញៀន​ជក់មិនបាន ក៏យកកូនកាំបិតចាក់ ទៅលើម្ដាយចំនួន៣កាំបិត ឱ្យរងរបួសចំនួនបីកន្លែង ដែលអំពើហិង្សានេះ​ កើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលំ​ ផ្ទះលេខ២៨១ក្នុងភូមិតាអុក​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​។

​សមត្ថកិច្ចនិយាយថា​ ជនបង្កមានឈ្មោះ អន គង្គ អាយុ៣៥ឆ្នាំ មុខរប នៅផ្ទះខាងលើ​។ ចំណែកម្ដាយរងគ្រោះឈ្មោះ សួន សុផា អាយុ៦៨ឆ្នាំ មុខរបនៅផ្ទះ​។

​តាមសាក្សីពីកូនប្អូនបានឱ្យដឹងថា ដំបូង នៅក្នុងផ្ទះរបស់ខ្លួនមានការផឹកស៊ី ដោយមានការចូលរួមពីអ្នកជិតខាងសរុបទាំងអស់ចំនូន៥នាក់​។ លុះស្រវឹងរៀង​ៗខ្លួនអ្នកជិតខាងក៏បានសុំទៅផ្ទះមុនបាត់អស់ នៅសល់តែពីរអ្នកបងប្អូន ហើយជនបង្កបានទៅសុំលុយម្ដាយ ដើម្បីទៅទិញថ្នាំញៀន​។ តែម្ដាយមិនមានឱ្យ ធ្វើឱ្យជនបង្កខឹងស្ទុះ ទៅយកកូនកាំបិតបម្រុងចាក់ទៅលើប្អូន តែប្អូនរត់ចេញក្រៅទាន់ ក៏បានរត់ចាក់ទៅលើម្ដាយចំនួន៣កាំបិតរងរបួស​។

​សាក្សីដដែលបន្តថា ដោយឃើញបងចាក់ម្ដាយបែបនេះ ប្អូនបានទាក់ទងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍​។ លុះសមត្ថកិច្ចបានមកដល់ផ្ទះកើតហេតុ បានចាប់ជនបង្កយកទៅព្យាបាលសិនដោយសារជនបង្ករងរបួសបែកក្បាលដែរ​។

​ចំណែកម្ដាយរងគ្រោះពេលសមត្ថកិច្ចសួរនាំ ហាក់បីដូចលាក់លៀម មិនចាំចង់ប្រាប់សមត្ថកិច្ចនោះទេ ដោយសារស្រលាញ់កូនពេក មិនចង់ឱ្យសមត្ថកិច្ចចាប់កូនរបស់គាត់​។

​ភ្លាមៗនោះដែរក៏មានរថយន្តគ្លីនិចឯកជនបានមកដល់ផ្ទះជនរងគ្រោះ តែគាត់មិនចង់ឡើងរថយន្តទៅព្យាបាល នោះទេព្រោះគ្មានលុយ​។ ដោយសាររបួសធំពេក បានព្រមឡើង រថយន្តសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកមានជ័យ ទាំងម្តាយនិងជនបង្កតែម្តង។ បន្ទាប់មកទើបសមត្ថកិច្ចចាត់ការតាមនីតិវិធី​៕

adverise with khmeread