ធ្លាយពោះវៀនចេញមកក្រៅម្នាក់ និង ម្នាក់ទៀតរបួសធ្ងន់ ដោយសារបើកម៉ូតូបុករថយន្តឆ្លងចូល KTV

​ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសបាក់ជើងជាច្រើនកំណាត់និងធ្លាយពោះវៀនចេញមកក្រៅ រីឯបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត កំពុងបើកឆ្លងចូល KTV មូឌែនស៊ីធី ភ្លាមនោះអ្នកបើកបររថយន្ត ភ័យខ្លួន បានរត់គេចបាត់​ ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ​។

​គ្រោះថ្នាក់ដ៏រន្ធត់នេះ​ កើតគើងនៅវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី៣ ឧសភា ២០១៨ ចំណុច មុខខារ៉ាអូខេ ម៉ូឌែនស៊ីធី ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​។

​ជនរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ វ័យប្រមាណ២០ឆ្នាំ ជាង រីឯមធ្យោបាយធ្វើដំណើរ ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BM-0119​។ ចំណែករថយន្ត បង្កហេតុម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AQ-7914បើកបរដោយបុរសម្នាក់ ​មិនស្គាល់ឈ្មោះ​។

​តាមសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា​ មុនដំបូង គេឃើញរថយន្ត Lexus RX 300 បើកបរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង​។ លុះមកដល់ចំណុចកើតហេតុ ស៊ីញ៉ូឆ្លងផ្លូវពីកើតទៅលិច បម្រុងចូល KTV ម៉ូឌែន ស៊ីធី​។ ខណៈឆ្លងបាន បន្តិចនោះក៏មានបុរស២នាក់ ដែលជាជនរងគ្រោះ ជិះឌុបគ្នាមកយ៉ាងលឿន ពីត្បូងទៅជើង បានជ្រុលទៅចំក្បាលរថយន្តពេញទំហឹង​។

​គ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកបើកម៉ូតូ ផ្លោងបោកក្បាលរថយន្ត និងទាក់ដែករថយន្តជាមួយនឹងពោះដាច់ធ្លាយពោះវៀនចេញមកក្រៅគួរឱ្យញញើត​។ រីឯបុរសដែលជិះខាងក្រោយ រងរបួសធ្ងន់​។ ភ្លាមនោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុករថយន្ត​។ ចំណែករថយន្តនិងម៉ូតូខូចខាតផ្នែកខាងមុខ​។

​ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវប្រជាពលរដ្ឋហៅរថយន្តក្រុម សង្គោះបន្ទាន់របស់ អង្គភាព ៧១១ កងពល៧០មកដឹកទៅ ព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ​។ ដោយ ឡែក មធ្យោបាយទាំង២គ្រឿង ត្រូវបានប៉ូលិសចរាចរណ៍ខណ្ឌសហការជាមួយចរាចរណ៍ក្រុង វាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីរថយន្តចូលមកដោះស្រាយ​៕

adverise with khmeread