adverise with khmeread Index1

អំណោយ​ផ្លូវ​មួយ​ខ្សែ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​របស់លោក​ឧកញ៉ា​ឌី ប៉ូ​ត្រូវបាន​សម្ពោធ​

   កំពង់ចាម ៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ថ្មី​សន្លាង​មួយ​ខ្សែ​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ​និង​សមិទ្ធផល​នានា​តម្លៃ​ជាង​៣​ម៊ឺ​ន​ដុល្លារ​ដែលជា​អំណោយ​ដ៏​សប្បុរស​របស់លោក​ឧក​ញ៉ា​ឌី ប៉ូ​ត្រូវ​បានដាក់សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ​នេះ ដោយមាន​ការចូលរួម​ពី​លោក​បណ្ឌិត ណៅ ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​លោក ទេពរាម​មុនី អភិបាលស្រុក​ព្រៃឈរ ។​

     លោក​ឧកញ៉ា ឌី​ប៉ូ អនុប្រធាន​ក្រុមការងារ ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​គរ បាន​ចំណាយ​ថវិកា​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ​ដែលពុំ​ធ្លាប់មាន​កន្លងមក​និង​សមិទ្ធផល​នានា​ចំណាយ​អស់​ថវិកា​ស្ថាបនា​អស់​ប្រមាណ​ជាង ៣​ម៉ឺន​ដុល្លារ  ។​ផ្លូវ​មួយ​ខ្សែ​ដ៏​មាន​អត្ថប្រយោជន៍​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦០ ពី​ឃុំ​គរ ទៅកាន់​ឃុំបារាយណ៍ ក្នុងស្រុក​ព្រៃឈរ ។​

    នៅ​ចំពោះមុខ​ប្រជា​ពល​រដ្ឋា​ង​៥០០​នាក់ លោក ទេព រាម​មុនី អភិបាលស្រុក​ព្រៃឈរ មានប្រសាសន៍ថា ចំណុច​ដ៏​លេចធ្លោ​របស់លោក​ឧកញ៉ា  ឌី​ប៉ូ  អនុប្រធាន​ក្រុមការងារថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅថ្ងៃនេះ គឺ​លោក​បាន​ស្ថាបនា​ផ្លូវ ក្រាល​គ្រួស​ក្រហម​ក្នុងស្រុក ពី​ភូមិ​រំដួល ឃុំ​គរ ទៅកាន់​ភូមិ​គោក​ស្រឡៅ ឃុំ​បារាយណ៍ប្រវែង​២១៦៥​ម៉ែត្រ ចំណាយ​ថវិកា​អស់​ប្រមាណ ២១៦៥០​ដុល្លារ ។​

   លោក​អភិបាល​បន្តថា ក្រៅពី​ផ្លូវ​មួយ​ខ្សែ​ខាងលើ លោក​ឧកញ៉ា​បាន​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ ពី​ផ្លូវបំបែក​ផ្សា​រគរ ទៅកាន់​វត្ត​គរ ប្រវែង​៦៨០​ម៉ែត្រ ក្នុងនោះ​លោក​ឧកញ៉ា បាន​ចូលរួមថវិកា​អស់​ប្រមាណ​១​ម៊ឺ​ន​ដុល្លារ និង​បានផ្ដល់​មេក្រូ​១២​គ្រឿង ក្នុងនោះ​សម្រាប់​ឃុំ​គរ ១០​គ្រឿង ដាក់​នៅតាម​សាលា​បុណ្យ ដែល​សរុប​ថវិកា អស់​ប្រមាណ​៤៥៦០​ដុល្លារ​ថែមទៀត ។សមិទ្ធផល​ទាំងនេះ បើ​សរុប​ជា​ថវិកា គឺ​អស់​ប្រមាណ ៣៦២១០​ដុល្លារ​អាមេរិក​។​

    លោក​អភិបាលស្រុក​បាន​បន្តទៀត​ថា សមិទ្ធផល​ដ៏​សំខាន់​នេះ ក្នុងនាម​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ស្រុក​ព្រៃឈរ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមការងារ​ចុះជួយ​ឃុំគរ ឃុំ​បារាយណ៍ ក្រុមប្រឹក្សាឃុំ និង​ក្នុងនាម​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ព្រៃឈរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​បណ្ឌិត​ណៅ ធួ​ក ប្រធាន​ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយ​ស្រុក​ព្រៃឈរ ជាពិសេស​លោក​ឧកញ៉ា អេង ឌី​ប៉ូ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន កសាង​នូវ​សមិទ្ធផល​នានា ដើម្បី​ជួយ​អភិវឌ្ឍន៍ មូលដ្ឋាន​ស្រុក​ព្រៃឈរ ឲ្យ​កាន់តែ​រីកចម្រើនឡើង ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

    លោក​បណ្ឌិត ណៅ ធួ​ក ដែលជា​ប្រធាន​ក្រុមការងារ ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ព្រៃឈរ មានប្រសាសន៍ថា "​ដោយសារតែ​ប្រទេស​យើង​បាន ទទួល​នូវ​សុខសន្ដិភាព​ពេញលេញក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៍​ឈ្លាសវៃ​នោះ សមិទ្ធផល​ជាច្រើន​សន្ធឹកសន្ធាប់​នៅ​គ្រប់​ខេត្តរាជធានី​ជាក់ស្ដែង​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ផ្លូវថ្នល់ ស្ពាន វត្ត​អារាម សាលារៀន​និង​សមិទ្ធផល​ជាច្រើន​ទៀត បាន​ដោយ​រលូន ហើយក៏​ធ្វើ​ឲ្យ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ មាន​ភាពរីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​" ៕

adverise with khmeread

មតិយោបល់