​ជិះម៉ូតូបុកគ្នាខូចខាតទាំងសងខាង...បង្ករបួសស្លាមស្លាប់ម្នាក់

ភ្នំពេញ​ ៖​ មានករណីប្រើអំពើហិង្សាដោយចេតនា​ បណ្តាលឱ្យជនរងគ្រោះ​មរណៈភាព​ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ ឧសភា ឆ្នាំ២០១៨​ នៅត្រង់ចំណុច​លើផ្លូវបេតុង​ មុខផ្ទះលេខ១២​ ភូមិព្រែកតាឡុង​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ។ រហូតដល់ថ្ងៃទី៣ ឧសភា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉េង ភារៈ ហៅវូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររៀបចំតុការ​ នៅ មជ្ឈមណ្ឌល ម៉ូ ឌែន២​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។

​ចំណែកជនរងគ្រោះឈ្មោះ ស្រ៊ុន​ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន​ ​មានទីលំនៅភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពងចាម ស្នាក់នៅផ្ទះជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​​។ លើខ្លួនសពមាន​ ស្នាមជាំហើមពោរនៅលើក្បាលខាងស្តាំ, ផ្ទៃមុខខាងស្តាំជាំហើមពោរ, បបូរមាត់លើក្រោមជាំដាច់រយះ និង
ស្នាមជាំហើមនៅគុម្ពក្លៀកខាងឆ្វេង។

​ប៉ូលិសបន្តថា​ ដំបូង ជនរងគ្រោះនិងឈ្មោះ សំ កុយ ភេទប្រុស (ត្រូវជាបងថ្លៃ) បានជិះ​ម៉ូតូម៉ាកស្កុពីពណ៌ក្រហមចេញពីចំណុចផ្ទះជួលស្ថិតក្នុងភូមិព្រែកតាឡុង​ សង្កាត់ចាក់អង្រែ
ក្រោមទៅផ្សារក្រមួនស្ថិតលើផ្លូវជាតិលេខ២​ ក្នុងគោលបំណងទិញម្ហូប។ ពេលធ្វើដំណើរជិតដល់ផ្សារក្រមួនប្រហែល៤០មែត្រស្រាប់តែឃើញបុរសពីរនាក់មិនស្គាល់ឈ្មោះជិះម៉តូម៉ាក វីវ៉ាពណ៌ខ្មៅមកបញ្ជាស ទិសគ្នាបណ្តាលឱ្យបុកគ្នាដួលខូចខាតទាំងសងខាង។

​បន្ទាប់មកភាគីទាំងពីរបាន​ ធ្វើការសម្របសម្រួលស្រាប់តែភាគីម៉ូតូវីវ៉ា បានហៅគ្នាមកជា​ច្រើនរួមទាំងឈ្មោះ ម៉េង​ វីរៈ ហៅវូច ចេញមុខមកដែរហើយកើតមានការឈ្លោះប្រកែកគ្នាមួយសន្ទុះសម្រួលគ្នាត្រូវវិញ ដោយយកម៉ូតូទៅជួសជុលនិងទៅផ្ទះរៀងខ្លួន។

​ពេលជនរងគ្រោះនិងបងថ្លៃទៅដល់ផ្ទះស្រាប់តែឈ្មោះ វូច បាននាំគ្នាទៅតាមរករឿងជនរងគ្រោះហើយឈ្មោះ វូច បានទៅឈរក្បែរជនរងគ្រោះធ្វើសកម្មភាពវាយទៅលើ
ជនរងគ្រោះដួលផ្ងារទៅក្រោយរបួសធ្ងន់​​។ បន្ទាប់នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះមិន​ព្រម​ដឹងខ្លួន​សោះ ទើប​ក្រុមគ្រួសារ​យកទៅ​ពិ​និត្យនៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេលទៅដល់​មន្ទីរពេទ្យ​មិន​ប៉ុន្មាន​ផង ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ទើប​ផ្អើលឆោឡោ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ពិនិត្យមើល​ជាក់ស្តែង​​តែម្តង។

​បន្ទាប់មកប៉ូលិសក៌ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ភារៈ ហៅវូច​នៅថ្ងៃទី៣ ឧសភា ឆ្នាំ២០១៨ ដែលជាជនមិនមែនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះទេ​ តែជាអ្នកក្លាហានក្រៅសង្វៀន​ ជាប់គុកទទេៗ​ ខណៈអ្នកនៅក្នុងហេតុការណ៍គេសម្រួលគ្នាបញ្ចប់រឿងរួចហើយនោះ៕

adverise with khmeread