Ginger

អត្ថប្រយោជន៍សុខភាពគួរឲ្យភ្ញាក់ផ្អើលទាំង ៥ របស់ខ្ញី (បូកទាំងរូបមន្តធ្វើទឹកខ្ញីលាយជាមួយទឹកឃ្មុំងាយៗ!)

ខ្ញីមានអត្ថប្រយោជន៍សុខភាពជាច្រើន និងត្រូវបានប្រើអស់រាប់សតវត្សរ៍ជុំវិញពិភពលោកសម្រាប់ជាវិធីព្យាបាលជំងឺផ្សេងៗចាប់ពីបញ្ហាក្អួតចង្អោរ និងបញ្ហាហើមរលាកជាដើម។ ខ្ញីជាទូទៅគេដាំជាទឹកដើម្បីជាវិធីទាញយកឲ្យអស់រាល់គុណប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះគឺជាជំងឺមួយចំនួន ដែលវាអាចជួយព្យាបាលបាន រួមទាំងរូបមន្តធ្វើទឹកខ្ញីលាយជាមួយទឹកឃ្មុំងាយៗ។ 

១- វាធ្វើឲ្យប្រសើរឡើងនូវចលនាឈាមរត់
សមាសធាតុរកឃើញក្នុងខ្ញីដូចជា Gingerol និង Zingerone ត្រូវគេល្បីថាជួយរក្សាកម្តៅក្នុងរាយកាយ ហេតុនេះហើយបង្កើតបានជាចលនាឈាមរត់ដ៏ប្រសើរ។ ពពួកអាមីណូអាស៊ីតក្នុងខ្ញីទាំងនេះជួយដល់ការបង្កើនចលនាឈាមរត់ និងកាត់បន្ថយលទ្ធភាពនៃការកើតជំងឺទាក់ទងនឹងបេះដូង។ ក៏មានផលវិជ្ជមានជាច្រើនពីការដែលមានចលនាឈាមរត់ល្អប្រសើរផងដែរ ក្នុងនោះរួមមាន សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន សារធាតុរ៉ែ និងអុកស៊ីសែន គឺត្រូវបានចែកចាយពាសពេញរាងកាយ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវការលូតលាស់កោសិកា និង ការបំពេញមុខងាររបស់សរីរាង្គផងដែរ។  

២- វាជួយបន្ថយការឈឺចាប់
Gingerol ជាសមាសធាតុសំខាន់ដែលរកឃើញក្នុងខ្ញី មានគុណប្រយោជន៍ប្រឆាំងនឹងការហើមរលាក ដែលវាជួយរាំងខ្ទប់នូវជាតិគីមី COX-2 ផលិតពីក្នុងរាងកាយ ដែលធ្វើឲ្យមានអារម្មណ៍ស្រៀវឈឺចាប់នោះ។ ការផឹកទឹកខ្ញីត្រូវបានណែនាំសម្រាប់អ្នកដែលកើតរោគប្រគ្រីវ រលាកឆ្អឹងខ្ចីក្នុងសន្លាក់ និងរលាកសន្លាក់ ក៏ដូចជាសម្រាប់ប្រើប្រាស់ដោយពួកអត្តពលិក ក្រោយការហ្វឹកហាត់ដើម្បីទប់ស្កាត់ការហើមរលាក។ សម្រាប់អ្នកដែលឧស្សាហ៍ឈឺក្បាលខ្លាំង ខ្ញីអាចជួយបានតាមរយៈការរាំងខ្ទប់អង្គធាតុរាវឈ្មោះថា Prostaglandin ដែលទទួលខុសត្រូវក្នុងការបង្កឲ្យកើតអាការៈឈឺក្បាល។  

៣- វាជួយបន្ធូរបន្ថយការចុករមួលសាច់ដុំនៅពេលធ្លាក់រដូវ
ខ្ញីត្រូវបានគេល្បីថាមានប្រសិទ្ធភាពក្នុងការព្យាបាលអាការៈដែលពាក់ព័ន្ធនឹងការមករដូវ ដូចជា ការចុករមួលសាច់ដុំ ការនឿយហត់អស់កម្លាំង និង អាការៈម្យ៉ាងហៅថា PMS (ដែលប៉ះពាល់ដល់អារម្មណ៍ និងរាងកាយ)។ ទឹកខ្ញីជួយសម្រួលសាច់ដុំ ហេតុដូច្នេះហើយបានជួយកាត់បន្ថយការចុករមួលសាច់ដុំដែលពាក់ព័ន្ធក្នុងពេលវេលាមករដូវ។ ស្ត្រី ដែលឧស្សាហ៍ធ្លាក់រដូវមិនទៀងទាត់ និងធ្ងន់ធ្ងរ នឹងអាចសម្រាលការឈឺចាប់បានច្រើនណាស់ជាមួយនឹងទឹកខ្ញីនេះ។  

៤- វាជួយប្រឆាំងនឹងការចង់ក្អួតចង្អោរ និងជំងឺបំពង់រំលាយអាហារ
ខ្ញីប្រហែលជាល្បីបំផុតហើយខាងសមត្ថភាពរបស់វាក្នុងការបន្ធូរបន្ថយអាការៈរកកលចង់ក្អួត ឬ ជំងឺពាក់ព័ន្ធនឹងក្រពះ។ គុណប្រយោជន៍សកម្មដូចជា ជាតិប្រេងសំខាន់ៗ និងសមាសធាតុ Phenol ជួយបន្ធូរបន្ថយការឈឺពោះ។ ស្ត្រី ដែលកើតអាការៈចង់ក្អួតពេលមានគភ៌ ក៏ត្រូវបានណែនាំឲ្យផឹកទឹកខ្ញីយឺតៗដើម្បីជួយសម្រួលដល់ក្រពះរបស់ពួកគេផងដែរ។ ឱសថធម្មជាតិនេះក៏ត្រូវបានគ្រូពេទ្យណែនាំសម្រាប់អ្នកជំងឺ ដែលទទួលការព្យាបាលរោគដោយប្រើគីមី ហើយជាលទ្ធផលនាំឲ្យកើតអាការៈចង់ក្អួតចង្អោរនោះ។ ប្រសិនបើអ្នកឧស្សាហ៍ពុលឡាន អ៊ីចឹងសូមផឹកទឹកខ្ញីមួយកែវមុនពេលចេញដំណើរ ហើយវានឹងជួយអ្នកឲ្យទ្រាំអាការៈនេះបានយូរគួរសមដែរ។ 

៥- វាជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក
ដោយសារវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ខ្ញីជួយទប់ស្កាត់មិនឲ្យកើតជំងឺផ្តាសាយ ហើយប្រសិនបើអ្នកកើតជំងឺផ្តាសាយ វានឹងជួយកាត់បន្ថយរយៈពេលនៃជំងឺរបស់អ្នកឲ្យនៅខ្លីបំផុត។ វាជួយបំបែកជាតិពុលក្នុងរាយកាយរបស់អ្នកយ៉ាងឆាប់រហ័ស ហេតុនេះហើយវាអនុញ្ញាតឲ្យរាងកាយរបស់អ្នកកំចាត់ចោលនូវជាតិពុលទាំងនោះបានឆាប់រហ័ស។ ខ្ញីក៏ផ្ទុកនូវសារធាតុក្រូម៉ូស្យូម ស័ង្កសី និងម៉ាញ៉េស្យូម ដែលជួយដល់ប្រព័ន្ធភាពស៊ាំ។ មិនត្រឹមតែប៉ុណ្ណឹងទេ តែវាក៏មានគុណប្រយោជន៍ជាច្រើនទៀតដូចជា អង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ប្រឆាំងជំងឺបង្កដោយពួកមីក្រុប ប្រឆាំងការហើមរលាក និងថ្នាំសម្លាប់មេរោគ ដែលសុទ្ធសឹងជួយបង្ការជំងឺទូទៅ និងការឆ្លងរោគជាច្រើន។   

មានវិធីច្រើនណាស់ដើម្បីទទួលទានខ្ញី ប៉ុន្តែការផឹកជាទឹកខ្ញីគឺមានប្រសិទ្ធភាពបំផុត។ ទោះយ៉ាងណា ត្រូវធ្វើឲ្យប្រាកដថា ផឹកមិនលើសបីពែងក្នុងមួយថ្ងៃនោះឡើយ បើមិនអ៊ីចឹងទេ វាអាចនឹងមានផលប៉ះពាល់ដល់រាងកាយរបស់អ្នក។ ខាងក្រោមនេះគឺជារូបមន្តងាយៗ ដែលអ្នកអាចប្រើដើម្បីឆុងទឹកខ្ញីជាមួយទឹកឃ្មុំនៅផ្ទះ។ 

គ្រឿងផ្សំ
- ខ្ញីសុទ្ធ ៤ ទៅ ៦ បន្ទះស្តើងៗ
- ទឹកចម្រោះ ១ កែវកន្លះ ទៅ ២ កែវ
- ទឹកក្រូចឆ្មា
- ទឹកឃ្មុំសុទ្ធ ១ ទៅ ២ ស្លាបព្រា

វិធីធ្វើ

១. ចិតសំបកខ្ញី រួចលាងទឹកឲ្យស្អាត
២. ហាន់ខ្ញីឲ្យស្តើងៗ
៣. ដាំទឹកចម្រោះ ១ កែវកន្លះឲ្យពុះ រួចដាក់ចំណិតខ្ញីចូល
៤. គ្របគំរបប៉ាន់ហើយទុកឲ្យវាពុះរ៉ុយៗរយៈពេល ១០ នាទីលើភ្លើងបើករឹមៗ
៥. ស្រឹតយកតែទឹក ហើយដកខ្ញីចេញ​
៦. ច្របាច់ក្រូចឆ្មាមួយចំណិតចូល (អ្នកអាចដាក់ក្រូចឆ្មាតាមចំណង់ចំណូលចិត្ត មិនប្រកាន់បរិមាណទេ)
៧. ដាក់ទឹកឃ្មុំសុទ្ធ ១ ទៅ ២ ស្លាបព្រាចូល
៨. ទុកវាឲ្យត្រជាក់បន្តិច បន្ទាប់មកសូមអញ្ជើញរីករាយតាមការគួរ!

 

ប្រភព៖ ឡាយហ៊ែក

មតិយោបល់