ការរកឃើញឆ្អឹងរមាស បង្ហាញថា មនុស្សបានមករស់នៅហ្វីលីពីនយូរមកហើយ មុនការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រទៅទៀត

ក្រុមអ្នកស្រាវជ្រាវ និងបុរាណវិទូមួយក្រុមបានជីករកឃើញ Stone Tools (ឧបករណ៍កាប់គាស់ដោយធ្វើឡើងពីថ្ម) និងបញ្ចប់ការស្រាវជ្រាវទៅលើគ្រោងឆ្អឹងរមាសបុរេប្រវត្តិមួយ នៅលើកោះមួយក្នុងប្រទេសហ្វីលីពីន ប្រហែលជាមានន័យថា មនុស្សបានធ្វើដំណើរទៅដល់ទីនោះជាយូរមកហើយមុនកាលបរិច្ឆេទដែលអ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណពីដំបូងទៅទៀត។

ក្នុងការធ្វើកំណាយប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០១៤មក អ្នកស្រាវជ្រាវបានរកឃើញ Stone Tools ចំនួន ៥៧ដុំនៅលើកោះ Luzon របស់ហ្វីលីពីន។ ឧបករណ៍ទាំងនេះត្រូវបានគេប៉ាន់ប្រមាណថាមានអាយុកាលពី ៦៣១.០០០ ទៅ ៧៧៧.០០០ឆ្នាំ។ នេះបើយោងតាមការសិក្សាមួយបានចេញផ្សាយកាលពីថ្ងៃពុធ ដោយអ្នកដឹកនាំការស្រាវជ្រាវបុរាណវិទូមកពីសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិរបស់ប្រទេសបារាំង លោក Thomas Ingicco។

មុនការរុករកឃើញនេះ ភស្តុតាងដំបូងបំផុតនៃសកម្មភាពមនុស្ស និងជីវិតនៅលើកម្រងកោះហ្វីលីពីន គឺជាឆ្អឹងមួយនៃប្រអប់ជើងរបស់មនុស្សដែលមានកាលបរិច្ឆេទកាលពី ៦៧.០០០ឆ្នាំមុន។ ឆ្អឹងមួយនេះត្រូវបានរកឃើញនៅឯរូងភ្នំ Philippine Callao។ នេះបើយោងតាមវេបសាយ National Geographic។ នៅទសវត្សរ៍ឆ្នាំ១៩៥០ អ្នកស្រាវជ្រាវបានរុករកឃើញគ្រោងឆ្អឹងសត្វ និងឧបរណ៍ថ្មធ្វើដោយមនុស្សនៅក្នុងតំបន់មួយនេះ ប៉ុន្តែវត្ថុបុរាណទាំងនេះមិនត្រូវបានចុះកាលបរិច្ឆេទច្បាស់លាស់ទេ។

លោក Ingicco និងក្រុមរបស់គាត់បានជីកកកាយទៅលើតំបន់មួយក្នុងខេត្ត Kalinga ប្រទេសហ្វីលីពីន នៅលើកោះ Luzon ហើយបានរកឃើញគ្រោងឆ្អឹងពេញលេញ ៧៥ភាគរយមួយ ដែលឆ្អឹងទាំងនេះជាឆ្អឹងរបស់ប្រភេទសត្វរមាសផុតពូជមួយក្បាល។

ឆ្អឹងនេះត្រូវបានស្គាល់ និងបង្ហាញពីសញ្ញាណនៃការកាប់សម្លាប់ ដែលបង្ហាញថា មនុស្សដែលបានបរបាញ់សត្វរមាសនេះប្រហែលជាស៊ីសាច់វា។ លោក Ingicco បានប្រាប់ទៅទូរទស្សន៍ NBC News នៅក្នុងបទសម្ភាសន៍មួយថា ឆ្អឹងចំនួន ១៣របស់រមាសមួយក្បាលនេះបានបង្ហាញពីស្នាមកាប់។

ក្រុមមួយនេះក៏បានរកឃើញផងដែរនូវសត្វក្តាន់ Philippine Brown Deer អណ្តើកទឹកសាប និងត្រកួត នៅក្នុងការជីកកកាយនេះ។

ខណៈដែលមិនមានភស្តុតាងច្បាស់លាស់ពីរបៀបដែលមនុស្សទៅហ្វីលីពីន នៅក្នុងកន្លែងដំបូងបំផុត លោក Ingicco បានធ្វើសម្មតិកម្មថា ជីវិតមនុស្សដំបូងបំផុតត្រូវបាន "បោសសម្អាតខ្ទេចអស់រលីងពីឆ្នេរ" បន្ទាប់ពីរលកស៊ូណាមី ឬ ព្រឹត្តិការណ៍ស្រដៀងគ្នានេះ៕

adverise with khmeread