Untitled 1

ឃាត់​ស្ត្រី​ម្នាក់​ប្រើ​ហិង្សា​វាយ​សំពង​បុរស​ម្នាក់​បែកក្បាល​

   កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​២៤​កុម្ភៈ​២០១៦ វេលា​ម៉ោង​៤​និង​៣០ នាទី ល្ងាច​នៅ​ចំណុច ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែ​កតា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​ស្ត្រី​ម្នាក់​វាយ​សំពង​បុរស​ម្នាក់​របួស​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ិន នាង ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ កសិករ​។​ចំណែក​ជនសង្ស័យ​៖ ឃាត់ខ្លួន​ឈ្មោះ ហ៊ី​
​សាវឿន  ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ កសិករ​។​វត្ថុតាង​ចាប់យក​ដំបង​ឈើ​ប្រេងខ្យល់ ០១ កំណាត់ ប្រវែង ១១០ ស​.​ម​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​លើក​ផ្ទះ​របស់ខ្លួន​ឲ្យ​ខ្ពស់ និង​រំកិល​ថយ​ទៅក្រោយ​ប្រមាណ​១ ម៉ែត្រ ព្រមទាំង​ត​សំ​យ៉ាប​(​ដំបូល​តាក​ស័ង្កសី​) ជាប់​ផ្ទះ​ផ្នែក​ខាងក្រោយ​ប្រវែង ៣ ម៉ែត្រ​។  ពេលនោះ​ជនសង្ស័យ​និង​ក្រុមគ្រួសារ​បាន​ឃាត់​កុំ​ឲ្យ​ធ្វើ​ព្រោះ​ដី​កំពុងតែ​មានទំនាស់​ដោះស្រាយ​មិនទាន់​រួចរាល់ ។ ក៏ប៉ុន្តែ​ជនរងគ្រោះ​នៅតែ​បន្តធ្វើ​។​

     រហូត​ម៉ោង​កើតហេតុ​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​យក​ដំបង​ឈើ​ប្រេងខ្យល់​ទៅបុក​ដំបូល​ស័ង្កសី​ដែល​ជនរងគ្រោះ​កំពុង​ប្រក់ បណ្ដាល​ឲ្យ ខូចខាត​អស់​០៥​ទៅ​០៦ សន្លឹក​។ ពេលនោះ​ជនរងគ្រោះ​បាន​ចុះ​ពីលើ​ដំបូល​ដោយ​ក្នុង​ដៃ​មាន​កាន់​ពូថៅ​ដើរ​ចូលទៅ​ប្រតាយប្រតប់​ទាញយក​ដំបង​ចេញពី​ជនសង្ស័យ ក៏ត្រូវ​ជនសង្ស័យ​វាយ​ត្រូវ​០១​ដំបង​ឈើ​ប្រេងខ្យល់​ចំ​ថ្ងាស​ខាងឆ្វេង​បណ្ដាល​ឲ្យ​រងរបួស​ពក​ក្បាល និង​បែក​ចេញឈាម ភ្លាមនោះ​ក៏បាន​អ្នកជិតខាង​ចូលទៅ​ជួយ​ឃាត់​ចេញ​រៀងៗ​ខ្លួន​។​

      បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

មតិយោបល់