adverise with khmeread Products made by johnson

ម្សៅ​កូនក្មេង​របស់​ក្រុមហ៊ុន J&J បង្ក​ជំងឺមហារីក​ហើយ​តុលាការ​អាមេរិក​តម្រូវ​ឱ្យ​សង​ជនរងគ្រោះ​ចំនួន ៧២ លាន​ដុល្លារ​

    ​ក្រុមហ៊ុន​ផលិត​ម្សៅ​កូនក្មេង Johnson & Johnson ត្រូវបាន​គណៈវិនិច្ឆ័យ​ប្រចាំ​រដ្ឋ​មី​ស​សួ​រី (Missouri) សហរដ្ឋអាមេរិក​បង្គា​ប់​ឱ្យ​សង​សំណង​ខូចខាត​ចំនួន ៧២ លាន​ដុល្លារ​ដល់​ស្ត្រី​ម្នាក់ ដែល​ការស្លាប់​របស់គាត់​ដោយសារ​ជំងឺមហារីក​អូវែ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការប្រើប្រាស់​ម្សៅ​កូនក្មេង​សម្រាប់​លាប​ស្បែក​ឈ្មោះថា Baby Powder and Shower to Shower អស់​រាប់​ទសវត្ស​រ៍ក​ន្ល​ង​មក​។

​    ​ក្នុង​សាលក្រម​ដែល​ប្រកាស​កាលពី​យប់​ថ្ងៃ​ចន្ទ (​ទី​២២ ខែកុម្ភៈ​) ក្រុមប្រឹក្សាតុលាការ​ក្នុង​តុលាការ​ទីក្រុង St. Louis បានសម្រេច​ឱ្យ​គ្រួសារ​លោកស្រី Jacqueline Fox ទទួលបាន​សំណង​ខូចខាត​ជាក់ស្តែង ១០ លាន​ដុល្លារ និង​សំណង​ទណ្ឌកម្ម​ចំនួន ៦២ លាន​ដុល្លារ នេះ​បើ​ផ្អែក​តាម​មេធាវី​គ្រួសារ​ជនរងគ្រោះ និង​កំណត់ត្រា​ឯកសារ​របស់​តុលាការ​។

​      ក្រុមហ៊ុន Johnson & Johnson ឥឡូវ​កំពុង​ប្រឈម​នឹង​ការ​អះអាងថា រាប់​ទសវត្សរ៍​មកនេះ​ក្រុមហ៊ុន​ខកខាន​មិនបាន​ក្រើនរំលឹក​អតិថិជន​ថា ផលិតផល​ម្សៅ​លាប​ស្បែក​របស់ខ្លួន​អាច​បង្ក​ជំងឺមហារីក​។ បណ្តឹង​ប្រហែល ១០០០ ករណី​បានដាក់​មក​តុលាការ​រដ្ឋ​មី​ស​សួ​រី និង ២០០ ផ្សេងទៀត​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី​។  

​    ​លោកស្រី Fox ដែល​រស់នៅ​ទីក្រុង​បឺ​មីង​ហ៊ែ​ម រដ្ឋ​អា​ឡា​បា​ម៉ា បាន​អះអាងថា លោកស្រី​បាន​ប្រើប្រាស់​ម្សៅ Baby Powder and Shower to Shower សម្រាប់​អនាម័យ​ស្ត្រីភេទ​អស់​ជាង ៣៥ ឆ្នាំ មុន​ពេលធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​អូវែ​កាលពី ៣ ឆ្នាំមុន​។ លោកស្រី​បាន​ស្លាប់​នៅ​ខែតុលា ឆ្នាំ​២០១៥ នៅ​អាយុ ៦២ ឆ្នាំ​។

​    ​មេធាវី​គ្រួសារ​ជនរងគ្រោះ​បាន​និយាយថា តុលាការ​បាន​រកឃើញ​ថា ក្រុមហ៊ុន Johnson & Johnson ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការបន្លំ ធ្វេសប្រហែស និង​ឃុបឃិត​ទុច្ចរិត​៕

adverise with khmeread
ប្រភព៖ ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​

អ្នកនឹងចូលចិត្ត

មតិយោបល់