adverise with khmeread 1

Andy Murray នឹង​ដឹកនាំ​ចក្រភព​អង់គ្លេស​ប្រឈមមុខ​ជាមួយ​ជប៉ុន​ក្នុងការ​ប្រកួត Davis Cup

​កីឡាករ​វាយ​តេ​ន្នី​ស Andy Murray នឹង​ដឹកនាំ​ក្រុម​ការពារ​តំណែង​ជើងឯក Davis Cup ចក្រភព​អង់គ្លេស​នៅ​សប្តាហ៍​ក្រោយ​ជា​លើកដំបូង បន្ទាប់ពី​ក្លាយជា​ឪពុក​គេ​។​

​តារា​តេ​ន្នី​សលេខ​ពីរ​ពិភពលោក​រូបនេះ ត្រូវបាន​ដាក់ឈ្មោះ​នៅក្នុង​ក្រុម​បុរស​ប្រាំ​នាក់​ដើម្បី​ប្រឈមមុខ​នឹង​ប្រ​ទស​ជប៉ុន​នៅ​ទីលាន Barclaycard Arena ក្នុង​ទីក្រុង Birmingham​។ គាត់​នឹង​ត្រូវបាន​ចូលរួម​ដោយ​ប្អូនប្រុស​របស់គាត់​កីឡាករ Jamie រួមជាមួយ​កីឡាករ Kyle Edmund, Dom Inglot ព្រមទាំង​កីឡាករ Dan Evans ផងដែរ​។​

​តារា​លេខ​មួយ​របស់​ចក្រភព​អង់គ្លេស​រូបនេះ នៅ​មិនទាន់បាន​លេង​ការប្រកួតប្រជែង​ណាមួយ​នៅឡើយ បន្ទាប់​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Australian Open កាលពី​ខែ​មុន និង​បន្ទាប់មក​រូបគេ​ក៏​ប្រញាប់​មក​ផ្ទះ​វិញ​ដើម្បី​បាន​ជួប​កូនស្រី​របស់គាត់​ឈ្មោះ Sophia​។​

​ប្រធាន​ក្រុម​លោក Leon Smith និយាយថា "​ម្តងទៀត​ហើយ​ដែល Andy Murray បង្ហាញ​ការប្តេជ្ញា​របស់គាត់​ចំពោះ​ក្រុម​និង​ប្រទេស​របស់គាត់​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​គាត់​អាច​លេង​បាន​។ ពិសេស​គឺ​លឿន​មែនទែន​បន្ទាប់ពី​ក្លាយជា​ឪពុក​ម្នាក់​។ ការលេង​ដ៏​ឥតខ្ចោះ​របស់គាត់​ក្នុង​កម្មវិធី Australian Open គឺជា​ភស្តុតាង​ដែល​បង្ហាញថា គាត់​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ពិភពលោក​"​។​

"​ជប៉ុន​មាន​ក្រុម​ដ៏​ខ្លាំង និង​ធ្វើ​បានល្អ​ប៉ុន្មាន​ឆ្នាំ​មកនេះ ជាមួយ​កីឡាករ Kei Nishikori បានបង្ហាញ​ខ្លួន​នៅ​បញ្ជី​កីឡាករ​កំពូល​ទាំង ១០ រូប​។ វា​នឹង​ជា​តេស្ត​សម្រាប់​យើង ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ក្រុម​របស់​យើង ហើយ​ខ្ញុំ​ប្រាកដថា នៅពេលដែល​កូនក្រុម​ទាញ​អាវ​ចក្រភព​អង់គ្លេស​ចេញមក ពួកគេ​នឹង​ប្រឹង​អស់ពី​សមត្ថភាព​។ យើង​មានសំណាង​ដែលមាន​ការប្រកួត​ក្នុងផ្ទះ និង​ពិតជា​ពេញចិត្ត​ដែល​បាន​វិ​ត្រឡប់​ទៅកាន់​ទីក្រុង Birmingham វិញ​។ ក្រុម​អ្នកគាំទ្រ​របស់​យើង ផ្តល់​ការគាំទ្រ​ដ៏​មិនគួរ​ឲ្យ​ជឿ ហើយ​យើង​នឹង​សម្លឹងមើល​ទៅមុខ​ថែមទៀត​"​។​

​ការប្រកួត​ជុំទីមួយ​ក្នុង​កម្មវិធី BNP Paribas World Group នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៤ ដល់ ៦ ខែមីនា​ខាងមុខនេះ​។ អ្នកឈ្នះ​ក្នុងជំនួប​នេះ​នឹងត្រូវ​ជួប​សែ​ប៊ី ឬ កា​ហ្សា​ក់​ស្ថាន​នៅ​ខែកក្កដា​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់