វង្ស ថាណាន់ និង ចែម ស្រីលក្ខណ៍ ធ្វើឱ្យគេស្រឡាំងកាំងលើឆាកហង្សមាស

​កាលពីយប់ថ្ងៃទី១០ ឧសភា តារាចម្រៀងជាអតីតកុមារកំព្រារស់នៅក្នុងមណ្ឌលលោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ផង បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឆាកហង្សមាស ដោយសារតែលោក បានបកស្រាយបទចម្រៀងបែបស្នេហាផ្អែមល្ហែមជាមួយ តារាចម្រៀងកញ្ញា ចែម ស្រីលក្ខណ៍ ហើយបានទាំងសុំនាងរៀបការនៅលើឆាកនោះផង ដែលស្ទើរតែដូចគូស្នេហ៍នៅក្រៅទៅហើយ។

​ការបង្ហាញខ្លួនឡើងច្រៀង របស់តារាទាំង២ ដែលបានធ្វើឡើងនៅលើឆាកហង្សមាសនោះ លោក វង្ស ថាណាន់ មិនត្រឹមតែធ្វើអោយអ្នកគាំទ្រប្លែកភ្នែកជាមួយស្ទីលម៉ូដសក់ថ្មី និងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត សមជាតារាចម្រៀងអាជីពប៉ុណ្ណោះទេ តែក៏ធ្វើអោយគេស្រឡាំងជំនួសតារាចម្រៀងជាដៃគូរបស់លោក ក្នុងពេលដែលលោកស្រាប់តែបកស្រាយបទចម្រៀងដែលខ្លឹមសារផ្អែមល្ហែម ហើយមានទាំងស្ទីលសុំនាងរៀបការ ខណៈដែលអ្នកទាំងពីរទើបតែចាប់ដៃគ្នាលើឆាក តែហាក់ដូចជាស្និទ្ធិស្នាលគ្នាខ្លាំង បន្ទាប់ពីមានឱកាសចាប់គូគ្នាច្រៀង ស្ទើរគ្រប់កម្មវិធីក្រៅឆាក។

យ៉ាងណាមិញ គេមិនដឹងថាតើការលេងស្ទីលសុំ ចែម ស្រីលក្ខណ៍ រៀបការលើកឆាកនេះ ជាស្ទីលគ្រាន់តែចង់ធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ ឬជាការសាកល្បងសុំស្នេហ៍ជាមួយតារាចម្រៀងស្រីរូបនេះនៅឡើយទេ ក្នុងពេលដែលលោក វង្ស ថាណាន់ ក៏ត្រូវគេសង្ស័យថាមានចំណងទាក់ទងជាមួយអតីត Cambodian Idol ដូចគ្នាម្នាក់ទៀតផ្សេងទៀត ទើបគេមិនទាន់ដឹងថាតើនោះស្ទីលដែលលោកធ្វើអោយទស្សនិកជនចាប់អារម្មណ៍ ឬមានអ្វីជាអាថ៍កំបាំងខាងក្រោយខ្នង។

អ្នកគាំទ្រខ្លះសង្ស័យថាលោក បង្វែរទំនាក់ទំនងពីនារីដែលខ្លួនស្រឡាញ់ពិតប្រាកដមក ចែម ស្រីលក្ខណ៍ ដើម្បីកុំអោយមានការចាប់អារម្មណ៍ ប៉ុន្តែក៏មានអ្នកតាមដានមួយចំនួន យល់ថាអ្នកទាំងពីរអាចនឹងសាងពន្លកស្នេហ៍ផងដែរ ខណៈដែលទំនាក់ទំនងរវាងលោក និងតារាចម្រៀងដែលត្រូវគេផ្គូរផ្គងថាស្រឡាញ់គ្នាក្រៅឆាកពិតប្រាកដម្នាក់នោះ ក៏មិនទាន់បើកចំហរអោយច្បាស់លាស់។

ម្យ៉ាងរូបភាពផ្អែមល្ហែម របស់លោក និង កញ្ញា ចែម ស្រីលក្ខណ៍ ក្រោយការបង្ហោះលើបណ្ដាញយូរធូប ហាក់ជាមន្ទិល ពិបាកអោយអ្នកគាំទ្រលោកភាគច្រើនគិតមិនចេញ ថានោះគឺជាគ្រាន់តែជាឈុតឆាកសម្ដែង ឬក៏លោកបានបង្វែរស្នេហាពីនារីដែលគេធ្លាប់ដឹង ងាកមកស្រលាញ់ ចែម ស្រីលក្ខណ៍ វិញ។

​តារាចម្រៀងវង្ស ថាណាន់ បានបដិសេធរៀបរាប់ពីចម្ងល់មួយនេះ ជាសាធារណៈ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ទុកអោយមហាជនជាអ្នករង់ចាំតាមដានរវាងខ្លួន និង ចែម ស្រីលក្ខណ៍ និងរវាងខ្លួន និងនារីម្នាក់ដែលគេអះអាងថា ជាសង្សារក្រៅឆាកនឹងគ្នា៕

adverise with khmeread