ចោរកំពូលល្ងង់ យកថ្នាំស្ប៉េត្រូលាបមុខ ឆក់កាបូបគេ ដល់ពេលលួចបាន លាងមុខអត់ជ្រះ ប៉ូលិសឃើញ ចាប់ប្រឹប

នេះអាចនិយាយបានថាជាគំនិតដ៏ល្ងង់ខ្លៅបំផុត ដែលជនសង្ស័យជាចោរវ័យក្មេងជនជាតិរុស្ស៊ីម្នាក់នេះ លាបមុខជាមួយនឹងថ្នាំពណ៌បៃតង ដើម្បីធ្វើឱ្យខ្លួនឯងពិបាកស្គាល់ ប៉ុន្ដែវាមិនបានការឡើយ។

កាលពីសប្តាហ៍មុន ប៉ូលិសនៅក្នុងទីក្រុង Krasnodar ប្រទេសរុស្ស៊ីបានចាប់ខ្លួនបុរសអាយុ ២៣ ឆ្នាំម្នាក់ដែលត្រូវបានគេចោទប្រកាន់ពីបទលួចកាបូបលុយរបស់ស្ត្រីម្នាក់នៅស្ថានីយ៍រថភ្លើងក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍មួយដោយការិយាល័យរបស់ក្រសួងមហាផ្ទៃរុស្ស៊ី ជនរងគ្រោះបានប្រាប់ប៉ូលិសថា កាបូបរបស់នាងត្រូវបានចោរឆក់យក ខណៈពេលដែលនាងកំពុងរង់ចាំនៅស្ថានីយ៍រថភ្លើង ហើយក្រុមមួយត្រូវបានបញ្ជូនទៅស៊ើបអង្កេត។ នៅពេលមកដល់កន្លែងកើតហេតុមន្ត្រីប៉ូលិសបានចាប់ផ្តើមសាកសួរសាក្សីជាច្រើនអំពីជនល្មើស ហើយបានដឹងថាគាត់មានលក្ខណៈខុសប្លែកពីគេ មុខរបស់គាត់គឺមានពណ៌បៃតងទាំងអស់។

ដូចដែលអ្នកអាចស្រមៃបាន បុរសដែលមានមុខពណ៌បៃតង នៅក្នុងទីក្រុងដែលមានប្រជាជន ៧៥ ម៉ឺននាក់ដូចជា Krasnodar គឺប៉ូលិសមិនមានបញ្ហាក្នុងការកំណត់ទីតាំង និងចាប់ខ្លួនជនល្មើសសង្ស័យឡើយ។ ជាការពិតចោរវ័យក្មេងរូបនេះត្រូវបានគេចាប់បានយ៉ាងឆាប់រហ័ស ដូច្នេះគាត់មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីលាក់កាបូបនោះទេ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំងអស់ត្រូវបានប្រគល់ទៅឱ្យនាងវិញ។

រឿងចម្លែកបំផុតក្នុងករណីនេះ គឺថា អំឡុងពេលសាកសួរចោរអាយុ ២៣ ឆ្នាំ រូបគេបានប្រាប់ប៉ូលិសថា គាត់បានលាបថ្នាំពណ៌បៃតងដោយចេតនានៅលើមុខរបស់គាត់ដើម្បីធ្វើឱ្យគាត់ពិបាកក្នុងការកត់សម្គាល់។ ជាធម្មតាចោរពាក់ម៉ាស់ ដើម្បីបាំងមុខឱ្យគេពិបាកស្គាល់ បន្ទាប់មកពួកគេដកម៉ាស់នោះចេញ ប៉ុន្ដែជាអកុសល ចោរនេះលាបថ្នាំពណ៌ដែលពិបាកក្នុងការលាងមុខចេញ ជាហេតុប៉ូលិសដេញភ្លាមចាប់បានភ្លែត៕

adverise with khmeread