Yaya Toure អះអាងថា ខ្លួនចង់បន្តអាជីពនៅអង់គ្លេស បន្ទាប់ពីចាកចេញពី Man City

        ខ្សែបម្រើ​ចាស់វស្សា​ Yaya Toure របស់​ក្លឹប Man City ​បាន​បញ្ជាក់ថា ខ្លួន​ចង់លេងនៅ​ក្របខណ្ឌ PL តទៅទៀត ហើយ​មិន​ចាប់​អារម្មណ៍នឹង​ប្រាក់ឈ្នួល​ច្រើនដូចដែល​ក្លឹបនៅបរទេសចង់​ផ្តល់​ឲ្យ​នោះទេ។

        កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​បញ្ចប់​ការងាររបស់ខ្លួន​ជាមួយ​ក្រុម City ហើយ​កាល​ពី​យប់ថ្ងៃពុធ​​ដោយ​ធ្វើជា​ប្រធាន​ក្រុម​ អំឡុង​ពេល​ប្រកួត​ឈ្នះ​ក្រុម Brighton ខណៈកីឡាកររូប​នេះ ចាប់ផ្តើម​លេងដំបូង​ក្នុងរដូវ​កាល​ទី​៨​របស់ខ្លួន​នៅ​ក្នុងវិស័យបាល់ទាត់របស់អង់គ្លេស។

        Yaya និយាយថា កូនៗមាន​អារម្មណ៍ថា អង់គ្លេសដូចជា​ទឹកដី​កំណើត​ទៅ​ហើយ​នៅពេលនេះ ហើយ​សង្ឃឹមថា នឹង​ផ្ទេរទៅ​កាន់​ក្លឹបកំពូល​ផ្សេងទៀតជាជាងផ្ទេរទៅលេងនៅប្រទេសចិនឬតំបន់មជ្ឈិមបូព៌ា។

        កីឡាករ​សញ្ជាតិកូតឌីវ័ររូបនេះដែល​បានជួយក្រុម City លើកពាន​ជើងឯក​លីក​៣លើក​ ពាន​ FA Cup ១លើកនិង​ពាន League Cups ២លើកនោះ បាននិយាយថា “​ប្រាកដណាស់ ខ្ញុំចង់បន្តលេងនៅអង់គ្លេស។ ខ្ញុំប្រហែលជានៅសល់ពេលវេលា​ពីរ​ឬបីឆ្នាំ​ទៀត។ ការផ្ទេរទៅលេងនៅចិន​ឬអាប៊ូដាប៊ី ពិតជារកបាន​ប្រាក់ច្រើន។ គ្រប់គ្នាប្រាកដជា​មានអារម្មណ៍សប្បាយចិត្ត​នៅពេលបានប្រាក់ច្រើន ប៉ុន្តែ​នោះមិនមែនជា​ការយល់ឃើញរបស់ខ្ញុំទេ”៕

adverise with khmeread