ម៉ូតូបុកម៉ូតូ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ​ ២ ខណ្ឌដង្កោ

​ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ធរ ខណៈម៉ូតូបុកម៉ូតូ កាលពីវេលា ម៉ោង​៨ និង១០នាទីយប់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៨ នៅលើដងផ្លូវ ជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។ 

​សមត្ថកិច្ចនិយាយថា អ្នកដែលស្លាប់ឈ្មោះ ផាន ឈាន អាយុ១៦ឆ្នាំ មុខរបរជាងឡាន មានស្រុកកំណើត (ព្រែកពោធិ៍) ភូមិទ្រាសរ ឃុំខ្នាសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរតែម្នាក់ឯងដោយម៉ូតូ ម៉ាកនិច ពាក់ស្លាក លេខ ភ្នំពេញ 1FD-6150​។ 

​ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ មិនទាន់ស្គាល់ អត្តសញ្ញាណ ធ្វើដំណើរតែម្នាក់ឯងដោយម៉ូតូ ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BS-0484​។ 

​សាក្សីនិយាយថា មុនពេលកើតហេតុ គេឃើញភាគីម៉ូតូម៉ាកនិច (អ្នកបើកបរស្លាប់​) ធ្វើដំណើរពីជើងទៅត្បូង​។ រីឯភាគីខាងម៉ូតូឌ្រីមសង់ ធ្វើដំណើរពីត្បូងមកជើងបញ្ច្រាសទិសគ្នា​។ 

​ខណៈមកដល់ចំណុចក្បែរ កន្លែងកើតហេតុ ម៉ូតូឌ្រីមសង់បានវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលមក បុកម៉ូតូនិចពេញទំហឹងតែម្តង​។

​សាក្សីបន្តថា ភាគីទាំង២បានរងរបួសចំក្បាលដូចគ្នា ដោយភាគីខាងម៉ូតូនិចស្លាប់ភ្លាមៗ និងម្ខាងទៀតរងរបួសធ្ងន់បំផុត (មិនមាន ពាក់មួយសុវត្ថិភាពដូចគ្នា​)​។

​ភ្លាមៗ អ្នករងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះយកទៅកាន់មន្ទីរពេទ្យ ឯកជន សូគា ដើម្បីសង្គ្រោះ​។ រីឯសាកសព ត្រូវបានក្រុមសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​៕


 

adverise with khmeread