សម្ព័ន្ធចោរកាច់សោ​ ក លួចម៉ូតូមួយសម្បុក ត្រូវបានបំបែកដោយព័ត៌មានសម្ងាត់

ភ្នំពេញ​ ៖​ អាវុធហត្ថរាជធានីភ្នំពេញបានប្រគល់មុខសញ្ញាចោរកម្មមួយសម្បុកដល់អាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី១៤ ឧសភា ២០១៨ ចាត់ការបន្ត​ បន្ទាប់ពីបានបង្ក្រាបសម្ព័ន្ធចោរកាច់សោ​ កលួចម៉ូតូមួយសម្បុករួចមក​។

​មន្ត្រីអាវុធហត្ថរាជធានីបានឱ្យដឹងថា​ ដំបូងក​ម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានទទួលព័ត៌មានសម្ងាត់ ពីភ្នាក់ងារផ្តល់ព័ត៌មាន ក្តាប់បានដំណឹងថា មានជនសង្ស័យម្នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកស្កូបពី ពណ៌ស ពីខេត្តសៀមរាប មកផ្ញើទុកនៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ភាពសូវៀត ហៅពេទ្យរុស្ស៊ីនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨​​។

​ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះស្រាវជ្រាវជាក់ស្តែង រហូតដល់វេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចអាវុធហត្ថ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និង ដកហូតបានម៉ូតូ០១គ្រឿង ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1GJ-9589 (ជាស្លាកលេខក្លែងបន្លំ) នៅមុខមន្ទីរពេទ្យ រុស្ស៊ី។

​តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេឈ្មោះ គឹម ណាយ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅ សង្កាត់កោះកុង ក្រុងកោះកុង ខេត្តកោះកុង។

​រីឯម៉ូតូ០១គ្រឿង ម៉ាកស្កូបពីខាងលើ ពុំមែនជារបស់រូបគេឡើយ ដោយរូបគេគ្រាន់តែត្រូវបានជនម្នាក់ឈ្មោះ សិទ្ធិ ហៅ ឌី ស្នាក់នៅខេត្តសៀមរាប ប្រាប់ឱ្យមកទទួលម៉ូតូ ពីបុរសម្នាក់ នៅពេទ្យរុស្ស៊ី និង យកថ្នាំញៀន ០១កញ្ចប់ ប្រគល់ឱ្យបុរសនោះត្រឡប់ទៅវិញ។ ថ្នាំញៀន ដែលប្រគល់ឱ្យទៅបុរស ជាអ្នកជិះម៉ូតូមកពីសៀមរាបនោះ គឺឈ្មោះ សិទ្ធិ ហៅ ឌី ដែលនៅឯខេត្តសៀមរាប បានឱ្យរូបខ្លួន ទៅទទួលយកពីបុរសម្នាក់ផ្សេងទៀត នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

​ក្រោយពេលក្តាប់ព័ត៌មានបានយ៉ាងច្បាស់លាស់ថា ជនសង្ស័យដែលជាមេក្លោង ឈ្មោះ សិទ្ធិ ហៅ ឌី កំពុងលាក់ខ្លួន នៅក្នុងបន្ទប់លេខ៥ ផ្ទះសំណាក់ម៉ានីអង្គរ ខេត្តសៀមរាប អាវុធហត្ថរាជធានីភ្នំពេញបានផ្តល់ព័ត៌មានស្តីពី អត្តសញ្ញាណ, រូបថត និងទីតាំង ទៅដល់អាវុធហត្ថខេត្តសៀមរាប ដើម្បីចុះស្រាវជ្រាវ។

​រហូតដល់វេលាម៉ោង ៦ ល្ងាច ថ្ងៃដដែល អាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួន ជនសង្ស័យ ០៣ នាក់ជាបន្តបន្ទាប់ តាមការចង្អុលបង្ហាញរបស់អាវុធហត្ថរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងមួយចំនួនដូចជា ស្លាកលេខម៉ូតូ ចំនួន ១១ បន្ទះ, ម៉ូតូចំនួន ០២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 5237632 (ពាក់ស្លាកលេខក្លែងបន្លំ ព្រៃវែង1L-6558 ) និង ម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ/លេខម៉ាស៊ីន 5118483 (ពាក់ស្លាកលេខក្លែងបន្លំ ភ្នំពេញ1GY-1279) ព្រមទាំងសម្ភារៈកាច់សោ “ក” មួយចំនួនធំ​។

​មន្ត្រីអាវុធហត្ថបន្តថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និង មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បើកការស្រាវជ្រាវបន្ត រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ សំ រស្មី អាយុ២៧ឆ្នាំ នៅចំណុចភូមិ០២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលជននេះ គឺជាអ្នកចាត់ចែងយកម៉ូតូដែលលួចបាន ទៅលក់បន្ត ព្រមទាំងចាប់យកវត្ថុតាងរួមមាន​ម៉ូតូម៉ាក C B R ពណ៌ខ្មៅបិតស្គុតពណ៌ក្រហម ០១ គ្រឿង ស្លាកលេខ ព្រះសីហនុ 1F-0322 ជាម៉ូតូលួចកាច់សោ “ក” មកពីខេត្តសៀមរាប និងបាន ទៅឆែកឆេរនៅបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌ស ០១កញ្ចប់ធំ និង១២កញ្ចប់តូច, ជញ្ជីងថ្លឹង០១, ថង់ច្រកគ្រឿងញៀនមួយចំនួន, កញ្ឆាក្រៀម០១ស្បោង, បំពង់ជក់០១, សោ០១ឈុតធំ, ម៉ូទ័រ០៣គ្រឿង។

​បច្ចុប្បន្ន សម្ព័ន្ធចោរ កាច់សោ “ក” លួចយកម៉ូតូទាំង៥នាក់ ត្រូវបានប្រគល់ជូន កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បន្តនីតិវិធី៕

adverise with khmeread