យកគ្រាប់៦០មីល្លីម៉ែត្រសល់ពីសម័យសង្គ្រាមដំគន្លឹះរ៉ឺម៉កគោយន្តកន្ត្រៃចេញផ្ទុះក្ឌាំង, ស្លាប់ម្នាក់និងរបួសម្នាក់

បន្ទាយមានជ័យ ៖ ​បុរសម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុនិងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះបានយកក្បាលគ្រាប់៦០មីលីម៉ែត្រ១គ្រាប់ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម ទៅវាយដំដោះគន្លឹះរ៉ឺម៉កគោយន្តកន្ត្រៃចេញ ដើម្បីយកទៅភ្ជួរស្រែ​ បណ្តាលឱ្យផ្ទុះក្ឌាំងតែម្តង​។ 

​ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

​ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបុស្បូវ បានឱ្យដឹងថា​ ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ​ ជាម្ចាស់គោយន្ត។ ចំណែក អ្នករងរបួសឈ្មោះ​ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង អ្នកទាំង២នាក់នេះ រស់នៅភូមិ ឃុំខាងលើ (អ្នកឈរមើល)។

​ប៉ូលិសបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះដែលម្ចាស់គោយន្តកន្ត្រៃ បានដោះរ៉ឺម៉កគោយន្តរបស់ខ្លួនចេញពីក្បាលគោយន្ត ដើម្បីទៅភ្ជួរស្រែ។ នៅពេលនោះ មានអ្នកជិតខាងម្នាក់បានទៅឈរមើល ហើយនៅពេលដោះគន្លឹះរ៉ឺម៉កមិនចេញ ជនរងគ្រោះក៏យកម៉ូទ័រឆាបផ្តាច់ប្រលូញនោះជនរងគ្រោះរើសយកក្បាលគ្រាប់ ៦០ មីល្លីម៉ែត្រ
យកមកដំវាយ ដើម្បីយកប្រលូញគន្លឹះ គោយន្តនោះចេញ។

​ខណៈនោះ ស្រាប់តែផ្ទុះ បណ្តាលឱ្យម្ចាស់គោយន្តខាងលើ ស្លាប់ភ្លាមមួយរំពេច។ ចំណែកអ្នកជិតខាងទៅឈរមើលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

​ក្រោយកើតហេតុបន្តិច ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread