រថយន្តតូចជ្រុលបុករថយន្តក្រុងក្រុមហ៊ុនវៀតណាម រងរបួសធ្ងន់ម្នាក់ទាំងកណ្តាលអធ្រាត្រ

​ភ្នំពេញ ៖ រថយន្តតាកូម៉ា បានបុករថយន្តក្រុង យ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវបែកជាបួនបណ្តាលឱ្យតៃកុងរថយន្តតាកូម៉ា រងរបួសធ្ងន់ កាលពីវេលាម៉ោង ១២និង២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ត្រង់ចំណុចមុខយានដ្ឋាន កើត​ ខេង ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៩ កែងផ្លូវ ៤៣០ ក្នុងភូមិ៤ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តក្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 3A-4087 មិនមានដឹកភ្ញៀវនោះទេ ជារថយន្តភ្នំពេញ-ហូជីមិញ របស់ក្រុមហ៊ុន ខាយ ណាម ត្រេនស្ព័រថេសិន ខូអិលធីឌី​។ រីឯរថយន្តអ្នករងរបួស ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8120 បើកបរដោយបុរសម្នាក់ និងរួមដំណើរស្រ្តី៣នាក់។

​ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងបើកតាមបណ្តោយផ្លូវ ១៩៩ ទិសដៅពីកើតទៅលិច​។ ស្រាប់តែដល់ផ្លូវបែកជាបួនមាន រថយន្តតាកូម៉ា បើកទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវ៤៣០ បើកក្នុងល្បឿនលឿនពេក ក៏ជ្រុលទៅបុក រថយន្តក្រុងយ៉ាងពេញទំហឹងត្រង់ទ្វារក្រោមមួយដាក់អីវ៉ាន់​។

​ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ វាស់វែងយក រថយន្តទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕


 

adverise with khmeread