បើកឡានហោះបុកស្លាកប៉ាណូ ក្រឡាប់ផ្ងារកង់ស្លាប់ និងរបួសធ្ងន់២នាក់

​ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះរថយន្តស៊េរីទំនើបម៉ាកអូឌី បោះពួយយ៉ាងលឿន រេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ រថយន្តហោះទៅបុកស្លាកប៉ាណូ ក្រឡាប់ផ្ងារកង់ឡើងលើច្រងាង ព្រមទាំងឆេះហុយផ្សែងទ្រលោម​។

​ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង នៅវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចរង្វង់មូលស្ពានជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​​។

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ អ្នកដែលស្លាប់មានឈ្មោះ សយ សាន (​តៃកុង) ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិល្អក់ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ និងរបួសធ្ងន់២នាក់ទៀតមិនទាន់ស្គាល់ អត្តសញ្ញាណ​។ អ្នកទាំង៣ជិះរថយន្តទំនើបម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9229​។ 

​ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកពីកើតទៅលិច ក្នុងល្បឿនដូចហោះ​។ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះទៅបុក ស្លាកប៉ាណូបាក់រាបដល់ដី រួចក្រឡាប់ផ្ងារជើងទ្រមេឃឆេះផ្សែងហុយទ្រលោម​។ ចំណែកអ្នកជិះក្នុងរថយន្តត្រូវបាន ​បងប្អូនប្រជាពរដ្ឋជួយវាយកញ្ចក់បំបែកយកមនុស្សទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលត្រូវស្លាប់ម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់​។

​ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់​៕


 

adverise with khmeread