សប្បុរសជន ចូលរួមអភិវឌ្ឍន៍ឃុំចំនួន ២ ក្នុងស្រុកស្រែអំបិល នៅខេត្តកោះកុងសរុបថវិកាជាង ៣៣៥ លានរៀល

​កោះកុង​ ៖ សប្បុរជនមួយរូបបានចូលរួមអភិវឌ្ឍន៍ភូមិឃុំ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យ​មានការរីកចម្រើនបន្តទៀត ដោយសារមានសេចក្តីស្រឡាញ់យ៉ាងខ្លាំង និងស្មោះត្រង់ជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន បាននាំយកថវិកាផ្ទាល់ខ្លួនជាង៣៣៥លានរៀល ដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ នៅក្នុងឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងកាលពីពេលថ្មីៗនេះ​ ។ 

​លោក លី សាម៉េត​ ដែលជាសប្បុរសជន មានប្រសាសន៍ថា «នេះជាការចូលរួមចំណែកមួយភាគជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រទេសឈានមករកការរីកចម្រើនដូចសព្វថ្ងៃនេះ»។

​លោកមានប្រសាសន៍ទៀតថា ថវិកាជាង ៣៣៥ លានរៀលនេះ គឺលោកបានចូលរួមអភិវឌ្ឍន៍ ទៅលើវិស័យអាណាចក្រ និងពុទ្ធចក្រ រួមមានដូចជា សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំស្រែអំបិល អស់ថវិកា១២លានរៀល, នាំថវិកាជាង៥០លានរៀលដោយផ្តើមអង្គកឋិនទានដង្ហែចូលវត្តសាមគ្គីគីរីទ័ពជាង ​ក្នុងឃុំដងពែងដើម្បីកសាងផ្លូវចម្ងាយជាង ២៥០ ម៉ែត្រឡើងទៅកាន់ព្រះវិហារ, នាំថវិកាជាង៥០លានរៀល ដោយផ្តើមអង្គកឋិនទានដង្ហែចូលវត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល ដើម្បីរៀបការ៉ូឡាជុំវិញព្រះវិហារ។

​បន្ថែមការអភិវឌ្ឍន៍ខាងលើនេះ​ លោកបាននាំមកនូវថវិកាផ្ទាល់ខ្លូនចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តមាគ៌ាគីរី ស្រែអំបិលចំនួន៤លានរៀល និងវត្តសាលាម្នាងចំនួន៤លានរៀល និងនាំមកនូវថវិកាផ្ទាល់ខ្លួនចំនួនជាង១៤លានរៀល ដើម្បីចាក់ដីគ្រួសក្រហមចម្ងាយជាង១៥០ម៉ែត្រចូលវត្តមាគ៌ាគីរីស្រែអំបិល, ជួយចាក់ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង អស់ថវិកា២លានរៀល,​ បានផ្តល់ថវិកា៣លានរៀល ដើម្បីចាក់ដីគ្រួសក្រហមឆ្លងកាត់ប្រឡាយ ចូលទៅកាន់សាលាបឋមសិក្សាវាលជើង បង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅរៀន។

​លោក លី សាម៉េត បញ្ជាក់ទៀតថា ក្រៅពីការងារអាណាចក្រ និងពុទ្ធចក្រនេះ លោកបានចូលរួមនាំយកអំណោយផ្នែកមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចំនួនជិត៧០០គ្រួសារ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន នៅឃុំស្រែអំបិល សរុបថវិកាជាង១៩២លានរៀល និងបានចែកជូនប្រជាពលរដ្ឋដែលក្រីក្រគ្មានទីពឹង និងប្រជាជនមានជំងឺប្រចាំកាយចំនួន៨គ្រួសារ អស់ថវិកា៣លាន២០ម៉ឺនរៀលផងដែរ។

 

​លោក កែវ សុខ មេឃុំស្រែអំបិល តំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានថ្លែងអំណរគុណដល់ លោក លី សាម៉េត​ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍នៅភូមិឃុំស្រែអំបិលនេះ។

​លោកមេឃុំបន្ថែមថា អ្នកឧកញ៉ា ពិតជាបានចូលរួមចំណែកមួយយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្លូវ ចូលសាលារៀន កសាងផ្លូវចូលទីអារ៉ាម និងកសាងនូវ
សមិទ្ធផលជាច្រើនទៀត។ ជាមួយគ្នា កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក លី ​សាម៉េត បានជួយកសាងប៉ុស្តិ៍រដ្ឋបាលដងពែង អស់ថវិកា ៥០០ ដុល្លារអាមេរិក។



លោក លី សាម៉េត បានបញ្ជាក់ទៀតថា​ លោកនឹងមានការចូលរួមជាបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបច្ចុប្បន្នប្រទេសកម្ពុជា ពិតជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេស ហើយកំណើនសេដ្ឋកិច្ចគឺមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់៧​ភាគរយ ដែលបង្ហាញឱ្យឃើញពីការរីកចម្រើនរបស់ប្រទេសជាតិឥតឈប់ឈរ​​៕

adverise with khmeread