គ្រួសារអីក៏សាហាវម៉្លេះ! គ្រាន់តែចង់រៀបការជាមួយនារីដែលខ្លួនស្រឡាញ់ ត្រូវឪពុកនិងបងប្រុស៤នាក់ទៀតព្រួតគ្នាចាប់ខ្វេះភ្នែក

បុរសម្នាក់ត្រូវបានខ្វេះភ្នែកនឹងស្លាបព្រាបាយ ក្នុងការវាយប្រហារដ៏សាហាវមួយ ពីសំណាក់ឪពុកនិងបងប្រុសរបស់គាត់ ព្រោះគាត់ចង់រៀបការជាមួយនារី ដែលគាត់ជ្រើសរើសដោយខ្លួនឯង។

Abdul Baqi អាយុ ២២ ឆ្នាំមកពីភូមិ Nasirabad ក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន បានសុំគ្រួសាររបស់គាត់ចូលទៅស្តីដណ្តឹងមិត្តស្រីរបស់គាត់។

ប៉ុន្តែសំណើនេះបានធ្វើឱ្យខឹងជាងខ្លាំងដល់ឪពុករបស់គាត់អាយុ ៧០ ឆ្នាំ ឈ្មោះ Dost Muhamimad និងបងប្រុស ៤ នាក់ ទៀត ឈ្មោះ Abdul Ghani, Abdul Sattar, Abdul Rehman និង Abdul Karim ដែលបន្ទាប់មកនោះបានចាប់ Abdul Baqi ចូលក្នុងបន្ទប់ និង យកស្លាបព្រាខ្វេះភ្នែកចោលតែម្តង។

ពួកគេបានចាក់សោម្តាយរបស់គាត់នៅក្នុងបន្ទប់មួយទៀត ដូច្នេះអ្នកម្តាយមិនអាចធ្វើអន្ដរាគមន៍បានទេ ហើយបន្ទាប់មកបានប្រើស្លាបព្រានិងកាំបិតដើម្បីអនុវត្តការដាក់ទណ្ឌកម្មដ៏រន្ធត់នេះ។

Abdul Baqi ដែលបច្ចុប្បន្នសម្រាកព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jinnah Post Graduate Medical Centre នៅទីក្រុង Karachi បាននិយាយថា "ខ្ញុំបានសុំឪពុកនិងបងប្រុសរបស់ខ្ញុំថា ខ្ញុំចង់រៀបការជាមួយនារីម្នាក់ដែលខ្ញុំមានទំនាក់ទំនងជាមួយ។ ដំបូង ឪពុកខ្ញុំបានយល់ព្រម។ ប៉ុន្តែ៣ម៉ោងក្រោយមក ខ្ញុំត្រូវបានឪពុកនិងបងប្រុស៤នាក់របស់ខ្ញុំនាំចូលក្នុងបន្ទប់ កន្លែងដែលពួកគេបានចងខ្ញុំទៅនឹងគ្រែមួយ ហើយចាប់ផ្ដើមខ្វេះភ្នែកខ្ញុំតែម្តង។ ខ្ញុំបានស្រែកប្រាប់ពួកគេថា តើពួកគេកំពុងធ្វើអ្វី? ប៉ុន្តែពួកគេមិនព្រមស្ដាប់ពាក្យអង្វររបស់ខ្ញុំទេ"។

ដោយនិយាយពីឧបទ្ទវហេតុសោកនាដកម្មនេះ Baqi បាននិយាយថា "ឪពុករបស់ខ្ញុំបានប្រើខ្នងស្លាបព្រាខ្វេះភ្នែកខ្ញុំចេញ។ ខ្ញុំបានឃើញភ្នែករបស់ខ្ញុំលៀនចេញពីប្រអប់ភ្នែក។ បន្ទាប់មក គាត់បានប្រើកាំបិតកាត់សរសៃឈាមចេញតែម្តង។ នៅពេលពួកគេខ្វេះភ្នែកទី១របស់ខ្ញុំ ខ្ញុំបានសុំឱ្យពួកគេចាកចេញពីខ្ញុំ។ ប៉ុន្តែពួកគេមិនបានស្តាប់ខ្ញុំទេ ហើយក៏បានខ្វេះភ្នែកម្ខាងទៀតចោលដែរ។ បន្ទាប់ពីពួកគេបានខ្វេះភ្នែកខ្ញុំរួច ខ្ញុំបានអង្វរពួកគេឱ្យសម្លាប់ខ្ញុំចោលឥឡូវភ្លាមទៅ ប៉ុន្តែពួកគេបានឆ្លើយតបថា ពួកគេចង់ឱ្យខ្ញុំធ្វើជាគំរូដល់ក្មេងប្រុសផ្សេងទៀតនៅក្នុងភូមិ"។

ប៉ូលិសបានចាប់ខ្លួន ឪពុក និងបងប្រុស ២​ នាក់ ប៉ុន្តែបងប្រុស ២ នាក់ទៀតកំពុងរត់គេចខ្លួន៕

adverise with khmeread