រអិលឡានថយក្រោយបុកស្លាកគណបក្ស, ស្ត្រីម្ចាស់ឡានធានាធ្វើសងវិញ

​ព្រះសីហនុ ​៖​ មានករណីរថយន្តមួយគ្រឿងរអិលថយក្រោយប៉ះផ្លាកគណបក្សប្រជាជនកម្ពុជានៅជិតមន្ទីរព័ត៌មានខេត្តព្រះសីហនុកាលពីវេលាម៉ោង៥ និង​៤០នាទី​ល្ងាច ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចកែងមន្ទីរពត៌មានខេត្ត ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ហើយម្ចាស់រថយន្តធានាធ្វើសងវិញ​។

​ប៉ូលិសនិយាយថា​ ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ 2C-6368 បើកបរដោយឈ្មោះ គឹម ស្រីភា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារនគរសំរឹទ្ធ មានទីលំនៅភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ មានទិសដៅពីផ្សារពាណិជ្ជកម្ម ឆ្ពោះមក ផ្ទះនៅក្រោយមន្ទីរព័ត៌មាន។

​លុះមកដល់ចំណុចមុខមន្ទីរព័ត៌មានក៏បានឈប់រថយន្ត ដើម្បីចូលផ្ទះយកទូរស័ព្ទ ក្រោយមកមានកូនក្មេងអាយុប្រហែល១២ឆ្នាំរត់ទៅហៅស្ត្រីម្ចាស់រថយន្តដល់ផ្ទះ ប្រាប់ថាឡានរអិលចុះក្រោមមកប៉ះនឹងផ្លាកគណបក្ស។

​ប៉ូលិស បន្តទៀតថា ក្រោយមកលោកចៅសង្កាត់លេខ២ និងភាគីម្ចាស់រថយន្តបានចរចាគ្នា ដោយតម្រូវឱ្យភាគីរថយន្តធ្វើស្លាកសងវិញឱ្យបានស្អាត ក្នុងនោះភាគីខាងរថយន្តយល់ព្រមតាមសំណើចៅសង្កាត់ ហើយលោកចៅសង្កាត់ក៏បានឱ្យលោកនាយរងប៉ុស្តិ៍២យករថយន្តទៅរក្សាទុកនៅមុខសាលាសង្កាត់លេខ២ រង់ចាំម្ចាស់រថយន្តធ្វើផ្លាកគណបក្សស្អាត ដូចដើមវិញ ទើបប្រគល់រថយន្តទៅម្ចាស់វិញ ជាកិច្ចបញ្ចប់រឿងករណីនេះ៕

adverise with khmeread