West Ham គ្រោងនឹងទាក់ទងទៅលោក Rafa Benitez បន្ទាប់ពីលោក David Moyes ចាកចេញ

        ដូចដែលគេរំពឹងទុក លោក David Moyes ត្រូវ​បានជូនដំណឹងកាល​ពីព្រឹកថ្ងៃអង្គារ៍ថា កិច្ច​សន្យា​រយៈ​ពេល​ខ្លីរបស់​លោកនៅពហុកីឡាដ្ឋាន London Stadium នោះនឹងមិន​ត្រូវ​បាន​បន្ត​ទេ។

        ​ គ្រូបង្វឹករបស់​ក្លឹប Newcastle​ លោក Rafa Benitez ត្រូវបានក្លឹប West Ham ដាក់ក្នុងបញ្ជីបេក្ខភាពសម្រាំង​បួន​រូប​ ហើយ​ West Ham ​សង្ឃឹមថា នឹង​តែងតាំងគ្រូបង្វឹក​ថ្មី​នៅចុង​សប្តាហ៍ក្រោយ។

        លោក Benitez គឺជា​ជម្រើស​ដំបូង​​ ដោយ​សារលោក​រក្សាទំនាក់ទំនងល្អ​ជាមួយ​ West Ham បន្ទាប់ពីបាន​យល់ព្រម​ទទួល​យក​កិច្ច​សន្យា​ស្នង​លោក Sam Allardyce កាលពីឆ្នាំ​២០១៥ ប៉ុន្តែនៅពេលនោះ​ត្រូវ​ក្លឹប Real Madrid បាន​ដណ្តើម​យក​ទៅ។

        គ្រូបង្វឹក​សញ្ជាតិអេស្ប៉ាញរូបនេះនៅសល់កិច្ច​សន្យា​មួយឆ្នាំ​ទៀត​ជាមួយ​ពហុកីឡាដ្ឋាន St James`Park ទីដែល​អនាគតរបស់​លោកស្ថិតក្នុងភាពមិនច្បាស់​លាស់ ខណៈម្ចាស់​ក្លឹប Mike Ashley មិន​បាន​ធានាកែលម្អកញ្ចប់ថវិកា​សម្រាប់ចូល​រួម​ទីផ្សារទិញដូរ​កីឡាករ​ បន្ទាប់ពី​ជួយ​ឲ្យ​ក្លឹបនេះ​ឆ្លងផុតពីតំបន់កាត់ចេញ​ បន្ទាប់ពីឡើងមក​កាន់​ក្របខណ្ឌ​ PL កាលពីឆ្នាំ​ទៅ។

        នាយក​ថ្មី​របស់ក្លឹប West Ham គ្រោងនឹងគាំទ្រ​មូលនិធិ​ច្រើន​សន្ធឹកសន្ធាប់​ ស្របពេល​ក្រុម​ប្រឹក្សានាយក​ប្តេជ្ញា​មិនឲ្យ​ជួបស្ថានភាពកាត់​ចេញ​បន្តទៀត។

        បេក្ខភាពដែលស្ថិតក្នុងបញ្ជីសម្រាំងនេះផងដែររួមមានអតីត​គ្រូបង្វឹក​ក្លឹប Hull និងក្លឹប Watford លោក Marco Silva  អតីត​គ្រូបង្វឹក​ក្លឹប Man City លោក Manuel Pellegrini និង​លោក Paulo Fonseca ផងដែរ៕

adverise with khmeread