វេជ្ជបណ្ឌិតអ៊ីតាលីនិងចិន ទើបពិសោធន៍លើសាកសពបានសម្រេច ឥឡូវគ្រោងវះកាត់ប្តូរក្បាលមនុស្សរស់ជាលើកដំបូងលើពិភពលោក

វាអាចស្តាប់ទៅដូចជាឈុតមួយក្នុងខ្សែភាពយន្តបែបរន្ធត់ ប៉ុន្តែគ្រូពេទ្យវះកាត់២នាក់នៅក្នុងប្រទេសចិនកំពុងបង្កើតបច្ចេកទេសសម្រាប់ការវះកាត់ប្តូរក្បាលមនុស្សដំបូងគេបង្អស់លើពិភពលោក។

អ្នកវិទ្យាសាស្ត្រអ៊ីតាលីលោក Sergio Canavero និងគ្រូពេទ្យវះកាត់ជនជាតិចិនឈ្មោះ Xiaoping Ren គ្រោងនឹងបញ្ជូនថាមពលអគ្គិសនីទៅកាន់រាងកាយ ជាមួយប៊ូឡុងភ្ជាប់ក្បាលនិងក។

ពួកគេនិយាយថា បច្ចេកទេសនេះអាចអនុញ្ញាតឱ្យអ្នកជំងឺដែលមានរបួសខួរឆ្អឹងខ្នង និងពិការមួយចំហៀងខ្លួន អាចដើរបានម្តងទៀត។

គ្រូពេទ្យវះកាត់ទាំង២នេះបានបង្កឱ្យមានកំហឹង នៅពេលពួកគេអះអាងថាបានធ្វើការវះកាត់សាកសព២នាក់។

ពួកគេបាននិយាយថា អំឡុងពេលវះកាត់ប្តូរក្បាលសាកសពរយៈពេល ១៨ ម៉ោង គ្រូពេទ្យវះកាត់ចិនបានបង្ហាញថាវាអាចទៅរួចក្នុងការភ្ជាប់ឡើងវិញនូវឆ្អឹងខ្នង សរសៃប្រសាទ និងសសៃឈាមនៃក្បាលដែលកាត់ចេញពីគ្នារួច។

មនុស្សជាច្រើននៅក្នុងសហគមន៍វិទ្យាសាស្ដ្របានចាត់ទុកការពិសោធន៍នេះថាមានគុណវិបត្តិខាងវិទ្យាសាស្ត្រឬវេជ្ជសាស្ត្រពោរពេញដោយការធ្វេសប្រហែស និងចោទជាមន្ទិលអំពីក្រមសីលធម៌របស់គម្រោងនេះ។

អ្នកវិទ្យាសាស្ត្រផ្នែកវះកាត់ម្នាក់នៅសាកលវិទ្យាល័យ Oxford និយាយថា ការប៉ុនប៉ងវះកាត់ប្តូរក្បាលមនុស្សទាំងរស់ គឺ "មិនខុសអីពីឧក្រិដ្ឋកម្មឡើយ"។

នៅក្នុងបទសម្ភាសន៍ថ្មីមួយ លោកសាស្ត្រាចារ្យ Xiaoping Ren អាយុ ៥៦ ឆ្នាំបានទទូចថា ទោះបីជាគម្រោងថ្មីរបស់ពួកគេមានភាពចម្រូងចម្រាស់ក៏ដោយ ក៏ប៉ុន្តែវាចាំបាច់ណាស់ក្នុងការសង្គ្រោះជីវិតមនុស្ស "ដែលមានខួរក្បាលនៅដំណើរការ បន្ទាប់ពីរាងកាយបានស្លាប់ទៅ"។

គាត់បាននិយាយថា ការវះកាត់នេះក៏រួមបញ្ចូលទាំងអ្នកដែលទទួលរងជំងឺសរសៃប្រសាទសាច់ដុំមិនដំណើរការ ខ្សោយសរីរាង្គចម្រុះ និងមហារីកដំណាក់កាលចុងក្រោយផងដែរ៕

adverise with khmeread