ក្រុម Inter Milan កំពុងមានគម្រោងចង់បានខ្សែបម្រើ Francis Coquelin ពី Arsenal ដោយដូរជាមួយកីឡាករ Marcelo Brozovic ឬក៏ Mauro Icardi។
តារាសញ្ជាតិបារាំងរូបនេះត្រូវបានធានាឲ្យលេងជម្រើសដំបូងឲ្យកាំភ្លើងធំក្នុងរដូវកាលនេះដោយសារទម្រង់លេងល្អ ហើយធ្វើឲ្យក្រុមយក្សនៅអ៊ីតាលីមួយនេះចាប់អារម្មណ៍ ខណៈពួកគេមិនទាន់បានដាក់ខ្សែបម្រើចូលទៅក្នុងក្រុម។
បើយោងតាម Goal.com ក្លឹប Inter ដាក់កីឡាករ Coquelin ជាគោលដៅចម្បង ហើយពួកគេព្យាយាមគ្រប់បែបយ៉ាងឲ្យតែបានខ្សែបម្រើការពាររូបនេះ។
បញ្ហាខ្សែបម្រើរបស់លោក Roberto Mancini នៅតែចោទជាបញ្ហាដដែល ហើយអតីតគ្រូបង្វឹក Man City រូបនេះនឹងស្វែងរកដំណោះស្រាយទៅលើបញ្ហាបច្ចេកទេស។
ទោះជាយ៉ាងនេះក្តី ការផ្ទេរនេះគឺវាស្ថិតទៅលើលោក Arsene Wenger ថាតើគាត់ចង់ឲ្យកីឡាកររូបនេះចាកចេញឬទេ។
ជាលទ្ធផល Inter នឹងប្រើ Marcelo Brozovic ឬក៏ Mauro Icardi ដើម្បីបញ្ចុះបញ្ចូលគ្រូបង្វឹក Arsenal ដែលប្រហែលជាអាចឲ្យកិច្ចព្រមព្រៀងដំណើរការទៅមុខ៕
