លោក Sepp Blatter និង Michel Platini ត្រូវបានកាត់បន្ថយបម្រាមសកម្មភាពជាប់ទាក់ទងបាល់ទាត់ពីប្រាំបីឆ្នាំមកត្រឹមប្រាំមួយឆ្នាំវិញ ដោយគណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ FIFA កាលពីថ្ងៃពុធទី ២៤ ខែកុម្ភៈ។
លោក Blatter និង លោក Platini អតីតប្រធាន FIFA និង UEFA ត្រូវបានផ្អាកពីសកម្មភាពបាល់ទាត់បន្ទាប់ពីត្រូវបានរកឃើញកំហុសនៃការរំលោភបំពានជាច្រើន ដូចជា "ការធ្វេសប្រហែលនៃកាតព្វកិច្ច" ដែលទាក់ទងនឹង "ការទូទាត់មិនស្មោះត្រង់" ដែលមានតម្លៃ ១,៣៥ លានផោន ពីលោក Blatter ទៅលោក Platini ក្នុងឆ្នាំ ២០១១។
អ្នកទាំងពីរបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ ប៉ុន្តែគណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ FIFA បានគាំទ្របម្រាមនេះកាលពីថ្ងៃពុធ តែទោះយ៉ាងណា ការផ្អាករបស់អ្នកទាំងពីរត្រូវបានបន្ថយពីប្រាំបីឆ្នាំមកប្រាំមួយឆ្នាំវិញ បន្ទាប់ពីគេបានទទួលស្គាល់ស្នាដៃបំពេញការងារខាងបាល់ទាត់របស់អ្នកទាំងពីរ។
អង្គជំនុំជម្រះក្នុងការស៊ើបអង្កេតរបស់ FIFA បានណែនាំអ្នកទាំងពីរឲ្យទទួលបម្រាមមួយជីវិតខណៈលោក Blatter និង Platini បដិសេធការចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងពីរ។
បន្ទាប់ពីដឹងលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ លោក Blatter បាននិយាយថា "ខ្ញុំពិតជាខកចិត្តចំពោះអង្គជំនុំជម្រះក្នុងការស៊ើបអង្កេតរបស់ FIFA ហើយជំហានបន្ទាប់គឺនឹងបន្តទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) នៅក្នុងទីក្រុង Lausanne"៕
