អាណិតណាស់, ភ្ជាប់ពាក្យបានមួយខែខាងប្រុសបានស្លាប់ចោលខាងស្រីដោយសារជួបគ្រោះថ្នាក់ចរាចរណ៍

​ភ្នំពេញ ៖ យុវជន២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង រថយន្តធុនធំ បណ្តាលឱ្យស្លាប់ម្នាក់ រងរបួសស្រាលម្នាក់ នៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ 

​សមត្ថកិច្ចនិយាយថា​ យុវជនរងគ្រោះ(សព)មានឈ្មោះ សាញ់ ភារិទ្ធ​ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅរោងពុម្ភក្រដាស់ នៅម្តុំឃ្លាំងរំសេវ មានស្រុកកំណើតនៅភូមិ ពេជ្រចង្វារ  ឃុំភ្នំកុង ​ស្រុកអង្គរជ័យ ខេត្តកំពតនិង ជនរងគ្រោះទី២រងរបួសស្រាលដែលត្រូវ ជាបងជីដូនមួយមានឈ្មោះ សន សុថារ័ត្ន ​ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ សន្តិសុខ ស្រុកកំណើត នៅភូមិពេជ្រចង្វារ ឃុំ ភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដា​ សេ១២៥ ស៊េរី ០១០ ពណ៌ខ្មៅ មានស្លាក លេខកំពត 1B.9727 ជិះគ្នា២នាក់តាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង យ៉ាងលឿន​។ 

​ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមាន រថយន្តមួយគ្រឿងមិនចាំម៉ាក បានវ៉ាខាងស្តាំកៀរម៉ូតូរងគ្រោះដួល ចូលរថយន្តមួយគ្រឿងទៀត ដែលបើកខាងឆ្វេង 
ជារថយន្តធុនធំដឹកដែកមានពណ៌ លឿង ស្លាកលេខកោះកុង 3A-0038 របស់ក្រុមហ៊ុន Camel  Cement ដែលបើកស្រប ​ទិសគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ​។ ចំណែកអ្នកជិះពីក្រោយដែលត្រូវជាបងរងរបួសស្រាល។ ហើយតៃកុងរថយន្តបានបើកទ្វារចុះរត់ចូលវត្តនន្ទមុនីបាត់​។

​តាមសម្តីអ្នកដែលជិះពីក្រោយដែលត្រូវ បងជីដូនមួយបានឱ្យដឹងថាពួកគាត់ទាំងពីរនាក់បងប្អូនជីដូនមួយបានទៅលេងបងប្អូននៅរោងចក្រកាណាឌីយ៉ា តាំងពីព្រលប់មកម្ល៉េះ រហូតជិតម៉ោង១០ក៏នាំគ្នាត្រឡប់ទៅវិញ ក្នុងគោលបំណងទៅដេកកន្លែងធ្វើការ នៅម្តុំឃ្លាំងរំសេវ ក៏ជួបគ្រោះថ្នាក់បែបនេះឡើង។

​គាត់បានបន្តទៀតថា​ «​ប្អូនគាត់ទើប តែភ្ជាប់ពាក្យបានមួយខែនៅខ្វះ២ខែទៀត រៀបការតែពេលនេះបានស្លាប់បាត់បង់ជីវិត ទៅហើយទុកឱ្យខាងស្រីកំព្រាឯកា ក្លាយជាស្រ្តីមេម៉ាយខាន់ស្លាគួរឱ្យអាសូរណាស់»។

​ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ហើយ ក៏ទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សារទុករង់ចាំដោះស្រាយគ្នានៅថ្ងៃក្រោយ​។ ចំណែក សាកសពប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​៕

adverise with khmeread