បន្ទាប់ពីលួចម៉ូតូប៉ូលិសដេញប្រផាប់ប្រផីងចាប់បានម៉ូតូ, ស្អែកឡើងចាប់បានចោរ

​ឧត្តរមានជ័យ​ ៖​ កម្លាំងប៉ូលិសស្រុកត្រពាំងប្រាសាទ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នាថ្ងៃទី​២០ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង​​​​​​​​​​​​​​​​​​​​​​​​​​ ១១​ ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូ ​កាលពីថ្ងៃទី ១៩ ឧសភា ២០១៨ វេលាម៉ោង​៣ និង២០ នាទីរសៀល នៅភូមិព្រៃស្អាក ឃុំ-ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ចាន់ ឡាក់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មានស្រុកកំណើតនៅភូមិ-ឃុំគោកស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប​។​ ម៉ូតូដែលចោរលួច
ម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខម៉ាស៊ីន ៩១៥២៤៣២​។ ចំណែកជនរងគ្រោះ ឈ្មោះ ណុប ស្រីតូច អាយុ ២៦ ឆ្នាំ ត្រូវចោរលួចខណៈពេល បញ្ឈប់ម៉ូតូដើរចូលក្នុងផ្ទះ​។ 

​ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ូលិស បានចេញតាមគោលដៅធ្វើការប្រដេញតាមភ្លាម ហើយប្រទះឃើញជនសង្ស័យបានផ្តួលម៉ូតូចោល រត់ចូលព្រៃបាត់​។ លុះដល់ព្រឹកថ្ងៃទី​២០ ឧសភា ២០១៨ វេលាម៉ោង ១១ ​ជនសង្ស័យខាងលើបានដើរចេញពីព្រៃ ដល់ភូមិអូរសោម ឃុំ-ស្រុកត្រពាំងប្រាសាទ កម្លាំងចេញល្បាតប្រទះឃើញក៏ឃាត់ខ្លួនតែម្តង​។

​ក្នុងប្រតិបត្តការនេះប៉ូលិសដកហូតបាន វត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៤ ចំនួន ០១ គ្រឿង, កាំបិតចុងស្រួចប្រវែង ០៥ តឹក ០១ ដើម, កាំបិតដែកចុច ០១ ដើម, ទូរស័ព្ទដៃ ០៣ គ្រឿង, ឧបករណ៍សម្រាប់កាច់សោ០១ កំប្លេ, កាបូបស្ពាយចំហៀង ០១​, ញញួរ ០១, ក្បាលពិល ០១, ទួណឺវិស ០២, ម៉ាស់បិទមុខ ០១, ខ្សែកកាក់ថៃបន្តោងព្រះ ០១ ខ្សែ, ក្រវិលកាឡៃ ០១ គូ និងសម្លៀកបំពាក់ផ្ទាល់ខ្លួនមួយចំនួន​។ 

​បច្ចុប្បន្នជនសង្ស័យខាងលើយើងបាននាំខ្លួនមកអធិការដ្ឋានប៉ូលិសស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​។ រីឯវត្ថុតាងម៉ូតូ ០១ គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ​៕


 

adverise with khmeread