ចុះឡើងៗដដែល! ត្រាំលុបចោលកិច្ចប្រជុំជាមួយគីម ជុងអ៊ុន នៅសិង្ហបុរី...កូរ៉េខាងជើងគំរាមតទល់អាវុធនុយក្លេអ៊ែរជាមួយអាមេរិក បើចាំបាច់

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចចិត្តលុបចោលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ដែលគ្រោងទុកជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សូម្បីតែបន្ទាប់ពីកូរ៉េខាងជើងបានសន្យាបំផ្ទុះចោលទីតាំងសាកល្បងនុយក្លេអ៊ែរនៅក្រោមដីក៏ដោយ។

ដោយសំដៅទៅលើកិច្ចប្រជុំនៅថ្ងៃទី ១២ ខែមិថុនាជាមួយនឹងលោកគីម ជុងអ៊ុន នៅសិង្ហបុរី លោកត្រាំបាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើងថា "គួរឱ្យស្តាយ ដោយផ្អែកលើកំហឹងយ៉ាងខ្លាំងក្លានិងអរិភាពដោយបើកចំហ ដែលបង្ហាញក្នុងសេចក្តីថ្លែងការណ៍ថ្មីៗបំផុតរបស់អ្នក ខ្ញុំយល់ថា វាមិនសមរម្យទេ នៅខណៈពេលនេះ ដើម្បីឱ្យមានកិច្ចប្រជុំដែលបានគ្រោងទុកជាយូរមកនោះ"។

ត្រាំបានហៅវាថា "ឱកាសដែលខកខាន" ហើយនិយាយថា គាត់នៅតែសង្ឃឹមថានឹងជួបគីម នៅថ្ងៃណាមួយ។

ទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺអំពីការលុបចោលកិច្ចប្រជុំកំពូលរបស់លោកត្រាំទេ។

ភាគហ៊ុនអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារដំណឹងនេះ ជាមួយសន្ទស្សន៍ហ៊ុន S&P 500 បានធ្លាក់ចុះជាងកន្លះភាគរយ ក្នុងរយៈពេលប្រហែល ១០ នាទី។

ប្រាក់ដុល្លារអាមេរិកក៏បានធ្លាក់ថ្លៃជាទូទៅផងដែរ ជាពិសេសធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន ដែលបានឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេល២សប្តាហ៍ធៀបនឹងលុយដុល្លារ។

លោកត្រាំបានសរសេរថា "សូមឱ្យលិខិតនេះបញ្ជាក់ថា ជំនួបកំពូលនៅសិង្ហបុរី ដើម្បីជាផលប្រយោជន៍ភាគីទាំង២ ប៉ុន្តែជាការខូចប្រយោជន៍ដល់ពិភពលោកនោះ នឹងមិនកើតឡើងនោះទេ"។

លោកត្រាំនិយាយថា "អ្នកនិយាយអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ្នក ប៉ុន្តែយើងមាននុយក្លេអ៊ែរធំនិងមានឥទ្ធិពលខ្លាំងណាស់រហូតដល់ថ្នាក់ខ្ញុំបន់ព្រះថា កុំឱ្យមានគេប្រើគ្រាប់ទាំងនោះទៅចុះ"។

កាលពីថ្ងៃព្រហស្បតិ៍កូរ៉េខាងជើងបានគំរាមជាថ្មីម្តងទៀតដើម្បីដើរចេញពីកិច្ចប្រជុំកំពូលនេះជាមួយត្រាំនៅខែក្រោយ ហើយបានព្រមានថាខ្លួនត្រៀមជាស្រេចសម្រាប់ការបង្ហាញសាច់ដុំនុយក្លេអ៊ែរជាមួយវ៉ាស៊ីនតោន ប្រសិនបើចាំបាច់៕

adverise with khmeread