គ្រាន់តែគយគន់សត្វអូដ្ឋ អាចបង្ហាត់មនុស្សឱ្យចេះប្រើជំនាញដែលខ្លួនមាន...មិនចាំបាច់មានអ្នកបង្ហាត់បង្ហាញ

មេអូដ្ឋនិងកូនអូដ្ឋ កំពុងដេកនៅក្រោមដើមឈើមួយ។ បន្ទាប់មកស្រាប់តែកូនអូដ្ឋសួរថា "ហេតុអ្វីបានជាសត្វអូដ្ឋមានបូក?"។

មេអូដ្ឋពិចារណារួចនិយាយថា "យើងជាសត្វលើវាលខ្សាច់ ដូច្នេះយើងមានបូកដើម្បីរក្សាទុកទឹក ដូច្នេះហើយទើបយើងអាចរស់ជាមួយទឹកតិចតួចបំផុត"។

កូនអូដ្ឋគិតមួយភ្លែតរួចនិយាយថា "ខ្ញុំយល់ហើយ...ចុះ​​ហេតុអ្វីបានជាជើងយើងវែង ហើយប្រអប់ជើងយើងមូល?"។

មេអូដ្ឋតបថា "ជើងយើងបែបនេះគឺដើម្បីដើរនៅវាលខ្សាច់"។

កូនអូដ្ឋនៅស្ងាត់ឈឹងមួយសន្ទុះ រួចសួរទៀតថា "ហេតុអ្វីបានជារោមភ្នែករបស់យើងវែង? ពេលខ្លះ រោមភ្នែកបាំងមើលផ្លូវមិនឃើញទេ"។

មេអូដ្ឋឆ្លើយតបថា "រោមភ្នែកក្រាស់បែបនេះគឺជួយការពារភ្នែកយើងពីដីខ្សាច់ហុយ នៅពេលខ្យល់បក់"។

កូនអូដ្ឋគិតហើយគិតទៀត រួចនិយាយថា "កូនយល់ហើយ។ ដូច្នេះបូកគឺទុកដើម្បីរក្សាទឹក នៅពេលយើងនៅលើវាលខ្សាច់ ជើងវែងគឺដើម្បីដើរលើវាលខ្សាច់ ហើយរោមភ្នែកវែងគឺដើម្បីការពារភ្នែកពីដីខ្សាច់ ចុះហេតុអ្វីបានជាយើងមកសម្ងំនៅក្នុងសួនសត្វ?"។

មេរៀន : ជំនាញនិងសមត្ថភាពអាចមានប្រយោជន៍ទៅបាន ប្រសិនបើអ្នកស្ថិតនៅចំកន្លែង ចំកាលៈទេសៈ។ បើមិនដូច្នោះទេ យើងនឹងខ្ជះខ្ជាយសមត្ថភាពនិងជំនាញទាំងអស់នោះ៕ 

adverise with khmeread