Opec អាចនឹងបូមប្រេងច្រើនថែមទៀត ដើម្បីទប់តម្លៃប្រេងកុំឱ្យឡើងថ្លៃ

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីត លោក Khalid Al-Falih បាននិយាយកាលពីថ្ងៃសុក្រទី២៥ឧសភាថា អង្គការ Opec និងសម្ព័ន្ធមិត្តរបស់ខ្លួនរំពឹងថានឹងស្តារទិន្នផលប្រេងឡើងវិញបន្តិចម្តងៗនៅឆមាសទី២ឆ្នាំនេះដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់អតិថិជន ខណៈតម្លៃប្រេងបានឡើងថ្លៃដល់ជិត ៨០ ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមកាសែត Bangkok Post។

ការអត្ថាធិប្បាយរបស់គាត់ ដែលបន្ទរដោយសមភាគីរុស្ស៊ីរបស់គាត់ គឺជាការកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្រ្ត ដែលពួកគេបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីបញ្ចប់ការផ្គត់ផ្គង់ប្រេងហួសប្រមាណលើសកលលោក។ ខណៈដែលក្រុមអ្នកផលិតប្រេងទើបតែប្តេជ្ញាកាលពីមួយខែមុនថានឹងរក្សាការរឹត្បិតការផ្គត់ផ្គង់និងបង្កើនតម្លៃប្រេងឥន្ធនៈនោះ ពួកគេឥឡូវកំពុងផ្លាស់ប្តូរទិសដៅ ខណៈការឡើងថ្លៃប្រេងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ឆ្នាំមកនេះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក និង បង្កើនកម្តៅនយោបាយពីអតិថិជនធំៗ ជាពិសេស សហរដ្ឋអាមេរិក។

លោក Al-Falih និយាយនៅវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St Petersburg ប្រទេសរុស្ស៊ីថា "ខ្ញុំគិតថានៅពេលអនាគតខាងមុខដ៏ខ្លី នឹងមានពេលវេលាដើម្បីបញ្ចេញការផ្គត់ផ្គង់ប្រេង" ដោយរលូនដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ។

លោករដ្ឋមន្ត្រីបាននិយាយថា នៅពេលដែល អង្គការ Opec ប្រទេសរុស្ស៊ី និងក្រុមអ្នកផលិតប្រេងសំខាន់ៗដទៃទៀតជួបគ្នានៅខែមិថុនា "យើងនឹងធ្វើអ្វីដែលចាំបាច់ដើម្បីធានាដល់អ្នកប្រើប្រាស់"។

លោកបាននិយាយបន្ទាប់ពីពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក Alexander Novak ដែលបាននិយាយថា ការបង្កើនទិន្នផលប្រេងនឹងចាប់ផ្តើមនៅត្រីមាសទី៣ ប្រសិនបើត្រូវបានអនុម័តដោយសមាជិកផ្សេងទៀតនៃក្រុមនេះ។ បុរសទាំង២នាក់បាននិយាយថា ទំហំនៃការបង្កើនទិន្នផលប្រេងនៅតែស្ថិតក្រោមការចរចានៅឡើយទេ។

តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការបញ្ចេញយោបល់របស់លោករដ្ឋមន្ត្រីរូបនេះ ជាមួយប្រេងឆៅនៅទីផ្សារ Brent បានធ្លាក់ចុះ ២,៥% ស្មើនឹង ៧៦,៨៤ ដុល្លារក្នុងមួយបារ៉ែល នៅរសៀលថ្ងៃសុក្រ នៅទីក្រុងឡុងដ៍។ ស្តង់ដារតម្លៃប្រេងអន្តរជាតិនៅតែកើនឡើង ១៥% ដដែលទេនៅឆ្នាំនេះ៕

adverise with khmeread