ឪនិងកូនឈ្លោះគ្នាពីរឿងមិនឱ្យលុយធ្វើប៉ាស្ព័រទៅថៃ, កូនសម្លាប់ឪពុកហើយរត់បាត់

​សៀមរាប ៖ មាន​ករណី ឃាតកម្ម​មួយ​កើតឡើង នៅ​ចំណុច​ផ្ទះជនរងគ្រោះ​ស្ថិតក្នុង​ ភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប កាលពី​ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៨​ ហើយឃាតករបានរត់បាត់​។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ សុខ ប៉ក់ ភេទ​ប្រុស អាយុ៥៩ឆ្នាំ ​មុខរបរ​កសិករ​នៅ​ភូមិ​ចាន់​ហៀរ​ ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​។ ចំណែកជនសង្ស័យ​ជា​កូនបង្កើតឈ្មោះ ប៉ក់ ផាន់ ភេទ​ប្រុស​ អាយុ១៧ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ឃុំ​ខាងលើ។

​សមត្ថកិច្ចបន្តថា ជនរងគ្រោះ​មាន​ជម្លោះ​ពាក្យសំដី​ជាមួយ​ជនសង្ស័យ​ជា​កូនបង្កើត​អំពី​រឿង​កូន​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ ដើរ​តែ​ផឹក ពេល​ចូល​ផ្ទៈម្តងៗ សុំ​តែ​លុយ​។ ក្រោ​យពី​ឈ្លោះ​គ្នា ជនសង្ស័យ​ក៏​ដើរ​ចេញពី​ផ្ទះបាត់​។ លុះដ​ល់​ល្ងាច​ថ្ងៃទី២៥ ឧសភា ២០១៨ នេះ​ជន​ស​ង្ស័យ​​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយមាន​សភាព​ស្រវឹង​ស្រា​យ៉ាងខ្លាំង ក៏មាន​ការឈ្លោះប្រកែក​គ្នា​បន្តទៀត។

​ពេលនោះ​ជនរងគ្រោះ​និយាយដដែលៗអំពី​រឿង​ជនសង្ស័យ​ដើរ​ផឹក ទើប​ជនសង្ស័យ​ខឹង​ក៏បាន​ទាញយក​កាំបិត​ផ្លែ​ដែក​ដង​ឈើ​ចាក់​មកលើ​ជន​រង​គ្រោះ​ត្រូវចំ​គល់​ដោះ​ខាងស្តាំ ​បណ្តាលឱ្យ​ស្លាប់​តែម្តង​រួច​ទាញ​ម៉ូតូ​ជិះ​គេចខ្លួនបាត់។

​តាម​ការបំភ្លឺ​ពី​ឈ្មោះ សួន លាំ អាយុ៥៧ឆ្នាំ ​ជា​ប្រពន្ធ​ជនរងគ្រោះ ​និង​ជា​ម្តាយ​ជនសង្ស័យ​បានឱ្យដឹងថា ប្តី​របស់គាត់​និង​កូន​ពិត​ជាមាន​ជម្លោះ ​និង​គ្នា​មែន​អំពី​រឿង​កូន​ដើរ​ផឹក​និង​កូនសុំ​លុយ​ទៅធ្វើ​ប៉ាស្ព័​រ​ទៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ប្តី​របស់គាត់​មិនឱ្យ​លុយ​ទើប​ទាស់​គ្នា​នៅពេល​កើតហេតុ​នេះ​គាត់​កំពុង​ដាំបាយ​នៅក្នុង​ផ្ទះ​ឮ​សំលេង​កូន​និង​ប្តី​ទាស់​គ្នា​នៅ​ខាងលិច​ផ្ទះ។

​មួយ​សន្ទុះ​ក្រោយមក​ឃើញ​ប្តី​ដេក​ដួល​ក្រោយ​ផ្ទះ​ដោយមាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ចំណែក​កូន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​មិនដឹង​មូលហេតុ ទើប​គាត់​ស្រែកប្រាប់​គេ​ឱ្យជួយ​ប៉ុន្តែ​ប្តី​បាន​ស្លាប់បាត់​ហើយ​៕

adverise with khmeread