adverise with khmeread Index6

លោក​រ័ត្ន ស្រ៊ាង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​អាវុធហត្ថ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​ចំណាស់​ម្នាក់ និង​ក្មេងស្រី​ម្នាក់​ឲ្យ​រួច​ផុតពី​ភ្នក់ភ្លើង​កំពុង​ឆាបឆេះ​

    ភ្នំពេញ ៖ ក្នុង​ព្រឹត្តិការណ៍​គ្រោះ​អគ្គីភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២៥​កុម្ភៈ​ឆ្ន​២០១៦​នៅ​ម្តុំ​ផ្លូវបំបែក​សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ដែល​បាន​ផ្តើម​ឆាបឆេះ ចេញពីផ្ទះ​កណ្តាល រាល​ទៅផ្ទះ​សងខាង យ៉ាង​សន្ធោរ​សន្ធៅ បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់ និង​ក្មេងស្រី​ម្នាក់ទៀត ត្រូវ​អណ្តាតភ្លើង ហ៊ុំព័ទ្ធ​ចេញ​មិនរួច ។​

     ខណៈពេល​អគ្គីភ័យ​កំពុង​ឆាបឆេះ ហើយ​មនុស្សម្នា កំពុង​ព្យាយាម​រត់គេច​និង​ជួយ​ពន្លត់ តែ​នៅ​មិន​រលត់​នោះ ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោឡោ​ថា បាត់​អ៊ី​ចុងភៅ និង​ក្មេងស្រី​ម្នាក់​នៅ​ជាមួយ។​

   ពេលនោះ កម្លាំង​អាវុធហត្ថ​ដែល​ចូលរួម​សហការ​ជាមួយ​ក្រុមចម្រុះ​ពន្លត់អគ្គីភ័យ ក្នុងនោះ​មាន​កម្លាំង​៣​នាក់ បាន​រត់ឡើង​ទៅលើ​ដំបូល​ផ្ទះ ដែល​កំពុង​ឆាបឆេះ ទម្លុះ​ចុះទៅ​ជាន់​ផ្ទាល់​ដីដើម្បី​ជួយសង្គ្រោះ ស្ត្រី​ចំណាស់​និង​ក្មេងស្រី​ដែល​កំពុង រង​នូវ​ចំហាយ​អណ្តាតភ្លើង​ឆាបឆេះ​ព័ទ្ធជុំវិញ កំពុង​ចាប់ផ្តើម​រលាក ហើយ​និង​កំពុង​ថប់ដង្ហើម​ដោយសារ​ផ្សែងហុយ​ខ្លាំង ។​

    ដោយ​ភាព​អង់អាច​ក្លាហាន​របស់​កម្លាំង​កង​រាជ​អាវុធហត្ថ មន្ត្រី​ចុះ​ផ្ទាល់​បាន​លើក​បី បញ្ជូនបន្តៗ​ឡើង​មកលើ រួច​ដាក់ចុះ​ចេញមកក្រៅ ដាក់ចូល​រថយន្ត​សង្គ្រោះ យកទៅ​មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយ​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។​

    អគ្គីភ័យ​នេះ បាន​បន្ត​ឆាបឆេះ​អស់​រយៈពេល មួយ​ម៉ោង​កន្លះ ទើប​រលត់ទៅវិញ ដោយ​ក្រុមចម្រុះ​ពន្លត់អគ្គីភ័យ ប្រើ​ទឹក​អស់​ចំនួន​១២​ឡាន​។​

     លុះដល់​ព្រឹក​ឡើង បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ចាត់តាំង​ក្រុមការងារ ឲ្យ​ចុះទៅ​សួរសុខទុក្ខ ស្ត្រី​ចំណាស់ និង​ក្មេងស្រី​រងគ្រោះ ដែល​សម្រាក​នៅ​មន្ទីរពេទ្យ ព្រះ​កុស​មៈ ដោយ​នាំយក​អំណោយ​ទៅជូន​ពួកគាត់​ក្នុង​ម្នាក់ៗ​ទទួលបានប្រាក់​៥០​ម៉ឺន​រៀល ទឹកក្រូច​១​កេស ទឹក​សុទ្ធ​២​កេស ព្រមទាំង​ផ្តាំ​សួរសុខទុក្ខ​ពួកគាត់​ទាំងពីរ ពី​ចម្ងាយ ហើយ​លោក​មេបញ្ជាការ​សូម​ជូនពរ​ឲ្យ​ពួកគាត់​ទាំងពីរ​ឆាប់​ជាសះស្បើយ​។​

     សូម​បញ្ជាក់ដែរថា ស្ត្រី​ចំណាស់​ដែល​រងគ្រោះ​នោះ​មាន​ឈ្មោះថា តាំង ហ្គិ​ច អាយុ​៦២​ឆ្នាំ ជា​ចុងភៅ រីឯ​ក្មេងស្រី​ម្នាក់ទៀត មាន​ឈ្មោះថា ស្រី​ណែ​ត អាយុ​១០​ឆ្នាំ ជា​ក្មេង​កំព្រារស់នៅ​ជាមួយ​គេ បាន​ថ្លែងអំណរគុណ​ចំពោះ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ប្តូរជីវិត​ចូលទៅ​ជួយសង្គ្រោះ​ពួកគាត់ ចេញពី​ក្នុង​ភ្នក់ភ្លើង ។​បើ​កុំ​តែ​បាន​កងរាជអាវុធហត្ថម្ល៉េះ​ជីវិត​ពួកគាត់​ច្បាស់​ជា​ត្រូវស្លាប់​ក្នុង​ភ្នក់ភ្លើង​បាត់ទៅហើយ ហើយក៏​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ដែល​បាន​យកចិត្តទុកដាក់ ដល់សុខ​ទុក​របស់​ពួកគាត់​។​

         ទន្ទឹមគ្នា​នោះដែរ លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង បាន​សម្តែង​ការកោតសរសើរ និង​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​កម្លាំង អាវុធហត្ថ​ក្រោម​ឱវាទ​របស់លោក​ទាំង​៣​រូប​ដែល​បានពុះពារ​ហ៊ាន​ចូលទៅ​រំ​ដោះយក​ជនរងគ្រោះ​ពី​ក្នុង​ភ្នក់ភ្លើង ដែល​កំពុង​ឆាបឆេះ​ដោយ​មិន​គិតពី​អាយុជីវិត​ខ្លួនឯង ។​

     ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​សកម្ម​ភាពជា​គំរូ​វីរភាព​សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឯកឧត្តម​បានផ្តល់​រង្វាន់​ជា​ថវិកា​ដល់ អាវុធហត្ថ ទាំង​៣​រូប​គឺ ១- លោក​អនុសេនីយ៍ឯក សើនកែវ​វណ្ណ​ធី ២- ព្រិន្ទបាលឯក ធូ ប៊ុណ្ណា ៣- ព្រិន្ទបាលឯក ទឹម ប៊ុណ្ណា ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​មួយ​លាន​រៀល ហើយ​អង្គភាព​ធ្វើការ​កត់ត្រា​ពី​ស្នាដៃ​ជា​គំរូ​វីរភាព​នេះ ទុក​សម្រាប់​ឲ្យអាវុធហត្ថ រាជធានី​ភ្នំពេញ​ដទៃទៀត​រៀនសូត្រ​តាម ៕

​រូប​៖ លោក​ពង្ស​. សា​វរិ​ទ្ធ​តំណាង​លោក​រ័ត្ន​. ស្រ៊ាង​នាំ​ថវិកា​ផ្តល់ជូន​ជនរងគ្រោះ​២​នាក់​

adverise with khmeread

មតិយោបល់