បញ្ជូនបុរសចិនម្នាក់បើករថយន្តបុកមនុស្សស្លាប់​ ទៅតុលាការ

​ព្រះសីហនុ​ ៖ កម្លាំង​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោកខេត្ត​ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ចិន​ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ នារសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា​​ ឆ្នាំ​២០១៨ ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ មុខ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្ដាល​ឱ្យរងរបួស​ធ្ងន់​មនុស្ស​ម្នាក់​ ក្រោយ​មក​បានបាត់បង់ជីវិត​។ 

​ប៉ូលិសនិយាយថា​ ជនជាតិ​ចិន​ដែលប្រឈមចំពោះមុខតុលាការ ឈ្មោះ​ GUO  PENG ភេទ​ ប្រុស​ អាយុ​៣១ឆ្នាំ​​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ (គ្មាន​បណ្ណ​បើកបរ​រថយន្ត​​)​​។ 

​គួររំលឹកថា​ មានករណីរថយន្ត​មួយ​គ្រឿង​បើក​បរ​ដោយ​ជនជាតិ​ចិន​ បើក​លឿន​បត់​ឆ្វេង​ឆ្លងផ្លូវ​ បុក​ជាមួយ​ម៉ូតូ​ ហើយ​ជ្រុល​ទៅ​បុក​តូប​លក់​ដូរ​ ​បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​ចំនួន​២​នាក់​ នៅ​ផ្លូវ​ឯករាជ្យ​ ខាង​កើត​ស្នងការដ្ឋាន​​ខេត្ត​ព្រះសីហនុ​ គ្រោះ​ថ្នាក់​នេះ​កើតឡើង នៅ​វេលា​ម៉ោង១១យប់ ថ្ងៃ​ទី​២៧ ខែ​ឧសភា​​ ឆ្នាំ​២០១៨​។ 

​រថយន្តបង្ក​ ម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ ​2AQ-4086​ មួយ​គ្រឿង​ បើកបរ​ដោយ​ជនជាតិ​ចិន​ ឈ្មោះ​ GUO  PENG ភេទ​​ប្រុស​ អាយុ​៣១ឆ្នាំ​​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ (គ្មាន​បណ្ណ​បើកបរ​រថយន្ត​)​ អ្នក​រួម​ដំណើរ​ម្នាក់​ ឈ្មោះ​ ZHENG LI  XIAI ភេទ​ស្រី​ អាយុ​២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ជីន​ម៉ា​ដូច​គ្នា​ស្នាក់នៅ​ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​/ខេត្ត​ព្រះសីហនុ​​។ 

​រថយន្តនេះ មានទិសដៅពី​លិច​ ទៅ​ កើត​ ហើយ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ត្រូវ​បាន​ម៉ូតូ​១គ្រឿង​ មានទិសដៅ​ផ្ទុយ​គ្នា​ បុក​ពេញទំហឹង​ ចំហៀង​ទ្វារ​រថយន្ត​ខាង​មុខ​ផ្នែក​ខាង​ស្តាំ​តែម្ដង​ ម៉ូតូ​ម៉ាក​ AREBLADE ពណ៌ ស-ក្រហម​ គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ វ័ន​ វ៉ាន់ឆាង​ ភេទ​​ប្រុស​ អាយុ​២៤ឆ្នាំ​ជនជាតិ​ វៀតណាម​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ក្នុង​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​/ខេត្ត​ព្រះសីហនុ​ (មិន​ពាក់​មួក​សុវត្ថិភាព​)​​ បណ្ដាល​ឱ្យរងរបួស​មនុស្ស​២នាក់​។ 

​ជនរងគ្រោះ ១-ឈ្មោះ​ វ័ន​ វ៉ាន់ឆាង​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និង២-ឈ្មោះ​ ZHENG LI XIAI អ្នករួម​ដំណើរ​លើ​រថយន្ត​ រងរបួស​ ស្រាល​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​។ 

​អ្នកបើករថយន្ត​ ជនជាតិ​ចិន​ ដែល​គ្មាន​បណ្ណ​បើកបរ​ សមត្ថកិច្ច​ បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕


 

adverise with khmeread