រថយន្តក្រឡាប់ច្រើនជុំ ខ្ទាតតៃកុងចេញក្រៅស្លាប់ភ្លាមៗនៅខណ្ឌព្រែកព្នៅ

​ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនដូចហោះដោយផ្លូវកោងផង នោះបានធ្លាក់ចេញពីផ្លូវបណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចូលប្រឡាយទឹកខ្ទាតតៃកុងចេញមកក្រៅ ស្លាប់ភ្លាមៗតែម្តង។

​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១ និង៥០នាទី យប់រំលងអធ្រាត្រថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨​ ស្ថិតតាមបណ្ដោយផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងវែង សង្កាត់កោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ​។ បើករថយន្តម៉ាក ស៊ីណាពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-2567​។ 

​ប្រភពបន្តថា ដំបូង រថយន្តបើកពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយផ្លូវងងឹតហើយកោងផង នោះបានធ្លាក់ចេញពីផ្លូវ បណ្ដាលឱ្យ
ក្រឡាប់ជាច្រើនត្រឡប់ ហើយខ្ទាតតៃកុងចេញពីរថយន្តស្លាប់។​ រីឯរថយន្តធ្លាក់ចូលប្រឡាយទឹកផ្ងារកង់ច្រង៉ាង ខូចខាតស្ទើរទាំងស្រុង​។ 

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហកាជាមួយជំនាញ វាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យស្នងការរាជធានីភ្នំពេញ ចំណែកសាកសពត្រូវដឹកទៅដំកល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread