មេឃកំពុងភ្លៀងជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនទៅបុករថយន្ត ៥៧០ ចតស្ងៀមពីក្រោយ ស្លាប់ម្នាក់, របួសធ្ងន់ពីរនាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅក្រោមតំណក់ទឹកភ្លៀង និងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន មេឃកំពុងភ្លៀង បានបុករថយន្តទំនើបមួយគ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង​។ 

​ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចភោជនីយដ្ឋានជួបគ្នាសំលាញ់ ប្រមាណជា៣០ម៉ែត្រ តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ​។ ពួកគេទាំង៣ជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីម១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-9800​។ រីឯរថយន្តដែលពួកគេបុក មានម៉ាក លុចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AO-8898​។ 

​ប្រភពព័ត៌មានបន្តថា​ ដំបូងគេឃើញយុវជន បីនាក់ជិះម៉ូតូមួជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង ខណៈពេលមេឃកំពុងធ្លាក់ភ្លៀង​។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកខាងក្រោយផ្នែកខាងឆ្វេងរថយន្ត ដែលម្ចាស់គេចតស្ងៀមតាមចិញ្ចើមផ្លូវ ស្របទិសដៅគ្នា បណ្តាលឱ្យយុវជនម្នាក់អង្គុយនៅខាងក្រោយមិនពាក់មួក
សុវត្ថិភាព បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។ ​ចំណែកអ្នកបើកនិងអ្នកអង្គុយនៅចំកណ្តាល ពាក់មួកសុវត្ថិភាពរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ​។ 

​ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសព សមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនចាស់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread