ឃាត់ខ្លួនជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារនៅសហរដ្ឋអាមេរិក

​ភ្នំពេញ​ ៖ ​ប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ដែលដឹកនាំដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារនៅសហរដ្ឋអាមេរិក​ ហើយមកពួនលាក់ខ្លួននៅកម្ពុជា​​។ 

​ប៉ូលិសនិយាយថា​ ជនបរទេសឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 488043160 ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក។

​ប៉ូលិសបន្តថា​ ​ការចាប់ខ្លួននេះ ធ្វើតាមសំណើផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយបច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះទៅអនុវត្តតាមនីតិវិធីច្បាប់បន្តនៅអាមេរិក៕


 

adverise with khmeread