ប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១ ឃាត់ខ្លួនចោរឆក់ម្នាក់, រត់រួចម្នាក់

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ជាក់ស្ដែងពីបទឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យឯកជន ប៉ាស៊ីហ្វិក ភ្នំពេញ ផ្លូវលេខ១១០ ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៦និង៣០នាទីព្រឹក​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ចំរើន  ឆៃឌី ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ វត្ថុតាងដកហូតយកមាន​ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX- 6908 ដែលមានលេខតួ និងលេខម៉ាស៊ីន: 5225681 និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ខ្មៅ ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់​។

​ចំណែកជនរងគ្រោះឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទទួលធ្វើម្ហូបការ ស្នាក់នៅផ្ទះភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ សំភារ:បាត់បង់មានទូរស័ព្ទដៃមួយគ្រឿងម៉ាក Huawei ពណ៌មាស(ចាំស៊េរី)  ប្រើស៊ីមលេខ 096 9419609​។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH- 0676 ជិះតែម្នាក់ឯងចេញពីផ្ទះក្នុងគោលបំណងមកពិនិត្យសុខភាព នៅមន្ទីរពេទ្យឯកជន ប៉ាស៊ីហ្វិកភ្នំពេញ​។ 

​លុះពេលជនរងគ្រោះជិះមកដល់ចំណុច មុខមន្ទីរពេទ្យឯកជនប៉ាស៊ីហ្វិក លើផ្លូវ លេខ១១០ (សហព័ន្ធរុស្សី​) ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  ស្រាប់តែមានជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកឈ្មោះ នូ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX- 6908 ជិះមកពីខាងក្រោយខាងឆ្វេងដៃរបស់ជនរងគ្រោះ។ 

​បន្ទាប់មកជនសង្ស័យឈ្មោះ នូ ជាអ្នកបើកម៉ូតូបានជិះទៅអែប ម៉ូតូរបស់ជនរងគ្រោះរួចជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃពីក្នុងហោប៉ៅអាវខាងលើជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះបានធាក់ម៉ូតូរបស់ជនសង្ស័យទាំងពីរបណ្ដាលវេរចង្កូតម៉ូតូរកដួលម៉ូតូ ទើបមាន សន្តិសុខយាមពេទ្យខាងលើ ​ជួយធាក់ម៉ូតូជនសង្ស័យបន្ថែម បណ្ដាលឱ្យម៉ូតូជនសង្ស័យទាំងពីរដួលម៉ូតូ​។ 

​ភ្លាមនោះក៏មានការអន្តរាគមន៍ពី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ និងប្រជាពលរដ្ឋនៅតាមផ្លូវជួយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ ចំរើន ឆៃឌី ចំណែក បក្ខពួកឈ្មោះ នូ បានរត់គេចខ្លួនបាត់ទៅ​។ ដោយឡែកទូរស័ព្ទដៃរបស់ជនរងគ្រោះបានជ្រុះបាត់នៅពេលដែល ប្រជាពលរដ្ឋដេញជួយចាប់ប្រផាប់ប្រភីង ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ យកមកកាន់អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

​បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាពវិជ្ជមាន (មានសារធាតុញៀន​)​។

​បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសា់ងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread