ថៃកំពុងតាមចាប់ម្ចាស់វេបសាយមួយជាជនជាតិខ្មែរ បន្ទាប់ពីបង្ហោះព័ត៌មានក្លែងក្លាយជាភាសាថៃ ក្រឡុករឿងប្រេងឡើងថ្លៃ ដោយប្រើឈ្មោះនាយករដ្ឋមន្ត្រីថៃ

ប៉ូលិសថៃកំពុងធ្វើការស៊ើបអង្កេតទាក់ទងនឹងវេបសាយមួយឈ្មោះថា "Ratstas.com" ដែលបានចេញផ្សាយព័ត៌មានក្លែងក្លាយជាភាសាថៃ ដោយយកនាយករដ្ឋមន្ត្រីថៃមកប្រើទាក់ទងនឹងតម្លៃប្រេងឡើងថ្លៃ។

វេបសាយនោះបានសរសេរថា លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានស្ដីបន្ទោសប្រជាជនរបស់ខ្លួនថា "កុំស៊ាំពេក បើសាំងថ្លៃ យកទឹកមកចាក់ជំនួសទៅ"។ នេះបើយោងតាមវេបសាយ Dailynews ចេញផ្សាយថ្ងៃទី ៣១ ឧសភា។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសថៃ អ្នកសរសេរអត្ថបទ និងជាម្ចាស់វេបសាយ គឺជាជនជាតិកម្ពុជាមានឈ្មោះថា ហេង រតនៈ ដែលមានលិខិតឆ្លងដែនលេខ N1745558។

ថៃបានធ្វើការចោទប្រកាន់លើម្ចាស់វេបសាយនោះ ដោយថារូបគាត់បានបង្កើតដំណឹងក្លែងក្លាយ ធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល និងឱ្យមានការយល់ច្រឡំ ដូច្នេះប្រទេសនេះក៏ស្នើសុំដល់តុលាការកំពូលចេញលិខិតដើម្បីចាប់ជនជាប់ចោទដាក់ទោសតាមច្បាប់។

ហើយអាជ្ញាធរក៏បានធ្វើការដាក់ទោសលើជនជាតិថៃ ៦ នាក់ ដែលជាប់ទាក់ទងក្នុងនោះរួមមានលោក Thanavat Unghon លោក Rungroj Preecha កញ្ញា Pa Paopasakul កញ្ញា Tawee Boonthavee កញ្ញា Prapasorn Wongchuchit និងលោក Rawn Chaiyan ដែលបានចែករំលែកព័ត៌មាននេះផងដែរ។

យោងតាមមាត្រាទី ១៤ នៃច្បាប់ថៃ ការដាក់ទោសចំពោះការចេញផ្សាយព័ត៌មានក្លែងក្លាយនឹងជាប់គុកមិនលើសពី ៥ ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១ ពាន់បាត ឬគុណនឹងពីរផងដែរ។

ខណៈដែលប៉ូលិសថៃកំពុងស្នើឱ្យមានការសហការគ្នាជាមួយនឹងរដ្ឋាភិបាលកម្ពុជាតាមចាប់ម្ចាស់វេបសាយជាជាតិខ្មែររូបនោះ លោក ហេង រតនៈ ក៏បានបដិសេធថាខ្លួនមិនបានចេញផ្សាយព័ត៌មានទាំងនោះទេ៕

adverise with khmeread