adverise with khmeread 1

ភ្នាក់ងារ​ចារកម្ម​៖ ការប្រកួត​បាល់ទាត់​នៅ​អឺរ៉ុប និង​អាមេរិក​អាច​នឹងរង​ការវាយប្រហារ​ពី​ក្រុម ISIS

​    ​ពួក​អ្នកវិភាគ​ផ្នែក​ចារកម្ម​មួយក្រុម​បាន​និយាយថា បញ្ហា​គឺ​នៅត្រង់​ពេលវេលា​តែប៉ុណ្ណោះ នៅមុន​ពេល​ក្រុម​ភេរវកម្ម​ធ្វើការ​វាយប្រហារ​លើ​កីឡាដ្ឋាន​នានា​ក្នុងអំឡុងពេល​មាន​ព្រឹ​ត្ត​ការណ៍​កីឡា​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋអាមេរិក​។​

​    ​ក្រុមអ្នកវិភាគ​ឈ្មោះថា Open Briefing របស់​អង់គ្លេស ជឿថា​ក្រុម​ភេរវកម្ម​អាច​នឹង​ប្រើប្រាស់​កូន​យន្តហោះ​ដ្រូ​ន ដើម្បី​វាយប្រហារ​លើ​ហ្វូងមនុស្ស​ដែល​ចូលរួម​មើល​ព្រឹ​ត្ត​ការណ៍​កីឡា​ណាមួយ​របស់​អឺរ៉ុប​និង​អាមេរិក​។​

​    ​ពួកគេ​ជឿថា​ការវាយប្រហារ​ណាមួយ​អាចធ្វើ​ឡើង​ដោយ​ជន​វាយប្រហារ​ច្រើន​ក្រុម​ឬក៏​តែ​បុគ្គល​ម្នាក់​ដែល​ត្រូវបាន​បង្ហាត់បង្រៀន​ដោយ​ក្រុម ISIS ឬ ដោយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​។​

​    ​លោក គ្រី​ស អា​បុ​ត (Chris Abbott) នាយក​ប្រតិបត្តិ​នៃ​ក្រុមអ្នកវិភាគ​នេះ​បាន​និយាយប្រាប់​សារព័ត៌មាន Daily Beast ថា ក្រុម ISIS បាន​ប្រើប្រាស់​រួចហើយ​នូវ​កូន​យន្តហោះ​ដ្រូ​ន​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​ដើម្បី​ស៊ើបការណ៍​។ ឥឡូវនេះ ពួកវា​កំពុង​ប្រជែង​ជាមួយ​ក្រុម​អាល់​កៃ​ដា ហើយ​ចង់​វាយប្រហារ​ឲ្យ​មាន​អ្នកស្លាប់​និង​របួស​ច្រើន​នាក់​លើ​គោលដៅ​វាយប្រហារ​​របស់​បស្ចិម ប្រទេស​។

​    ​លោក​បាន​និយាយថា យន្តហោះ​ដ្រូ​ន​របស់​ក្រុម ISIS ថែមទាំង​ភ្ជាប់​កាមេរ៉ា​ដើម្បី​ថត​ការវាយប្រហារ​ដែល​កំពុង​កើតឡើង​ទៀតផង​។​

​    ​លោក​បាន​បន្ថែមថា មិនមាន​វិធានការ​ទប់ទល់​ណាមួយ​ដែល​អាច​រារាំង​ការវាយប្រហារ​បែបនេះ​បាន​នោះទេ​៕

adverise with khmeread
ប្រភព៖ អិចស្រ្ពេស

មតិយោបល់