ធ្លាប់ស្រឡាញ់គ្នាសោះ, ពេលទាស់ពាក្យសម្តីកាប់នាង ឱ្យរបួសត្រូវប៉ូលិសឃាត់ខ្លួន

​កណ្ដាល  ៖​ មានករណីប្រើអំពើហិង្សាដោយចេតនាកើតឡើង​នាថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅចំណុច ក្នុងភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បណ្តាលឱ្យស្ត្រីម្នាក់របួស​ ហើយប៉ូលិសឃាត់ខ្លួនជនដៃដល់ម្នាក់​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ វៀស ស៊ីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ រងរបួសចំកខាងឆ្វេង។

​ចំណែកជនសង្ស័យឈ្មោះ ឈាង ញៀន ភេទប្រុស អាយុ៤៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ​ ​(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកកាំបិតផ្គាក់០១ ដងឈើ។

​ប៉ូលិសបន្តថា​ កន្លងមកជនសង្ស័យធ្លាប់បានស្រឡាញ់ជនរងគ្រោះ តែជនរងគ្រោះពុំបានស្រឡាញ់ហើយក៏បានរៀបការរួចហើយដែរ។ ដោយឈ្មោះ រៀស ស៊ីម​ និងឈ្មោះ ឈាង ញៀន តែងតែមកផឹកស្រានៅផ្ទះឈ្មោះ នុល​ ឈុនលី ជាញឹកញាប់​។

​លុះនៅពេលកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ វៀស ស៊ីម និងជនសង្ស័យឈ្មោះ ឈាង ញៀណ បានមកផឹកស៊ី នៅផ្ទះរបស់ឈ្មោះ នុល​ ឈុនលី ជាមួយគ្នា។ ​ខណៈពេលកំពុងផឹកស្រា ពួកគេក៏ទាក់ពាក្យសម្ដីគ្នា រួចហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ០១ កាំបិតចំកខាងឆ្វេង បណ្ដាលឱ្យរងរបួសចេញឈាមជោកខ្លួន រួចក៏គេចខ្លួនបាត់។  ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងនាំគ្នា យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ​។  

​បន្ទាប់ពី​ទទួលបានព័ត៌មាននេះ កម្លាំង​ប៉ូលិសប៉ុស្ដិ៍សំពៅពូនបានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចដីស្រែចុងព្រែកខាងក្រោយភូមិកើតហេតុ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រួមនឹងវត្ថុតាងកាំបិតផ្គាក់។

​បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី​៕

adverise with khmeread