ផ្លោះរបងចូលលួចមាន់,អ្នកចាំចម្ការងើបទាន់ត្រូវពួកចោរកាប់រហូតដល់ស្លាប់

​ភ្នំពេញ​ ៖​ មានករណីឃាតកម្មដោយប្រើកាំបិតផ្គាក់កាប់បណ្តាលឱ្យស្លាប់ នៅចំណុចដីឡូត៍ចម្ការស្វាយ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ឧសភា
២០១៨ ម៉ោង៨ និង៤០នាទីយប់ដោយពួកចោរលួចមាន់​ ហើយប៉ូលិសចាប់បានជនដៃដល់ម្នាក់​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ​ប្រុស អាយុ​៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាំចម្ការឱ្យគេ ស្នាក់នៅ ចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ជា ហៃ ភេទ ប្រុស អាយុ​១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ​។

​ប៉ូលិសបន្តថា​ នៅថ្ងៃទី ៣១ ឧសភា ២០១៨ វេលាម៉ោង៨ និង៤០នាទីយប់ ជនសង្ស័យ០៣នាក់ ឈ្មោះ ជា ហៃ, ឈ្មោះ តួ និងម្នាក់ទៀតមិនស្គាល់ឈ្មោះនាំគ្នាផ្លោះរបងចូលទៅក្នុងដីឡូត៍ចម្ការស្វាយ (ចំណុចកើតហេតុខាងលើ) ដើម្បីលួចមាន់​។ ​ពេលនោះជនរងគ្រោះឮឆ្កែព្រុស ក៏បញ្ចាំងភ្លើងពិលឃើញជនសង្ស័យកំពុងទាញសំណាញ់លួចមាន់ ក៏ងើបពី គ្រែដេកស្ទុះចេញទៅចាប់ជនសង្ស័យ រួចពួកជនសង្ស័យនាំគ្នាវាយជនរងគ្រោះដួលទៅលើដី​។ 

​ពេលនោះជនសង្ស័យឈ្មោះ តួ ស្ទុះទៅយកកាំបិតផ្គាក់របស់ជនរងគ្រោះនៅក្រោមគ្រែកាប់ទៅលើជនរងគ្រោះចំកញ្ចឹងក, ចំថ្ពាល់ខាងស្តាំ និងចំ ក្បាលរបួសធ្ងន់ រួចនាំគ្នាគេចខ្លួនបោះកាំបិតផ្គាក់ចោលនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រួចក៏បានស្លាប់។

​រហូតដល់ម៉ោង១០យប់ ថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ឈ្មោះ ជា ហៃ នៅភូមិកើតហេតុខាងលើ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យប្រើប្រាស់គ្រឿងញៀន ០១ឆ្នាំ៕

adverise with khmeread