ទិញប៉ះចំគោចោរ, ម្ចាស់គេរកឃើញឱ្យគេវិញខាតលុយមួយលានសាមសិបម៉ឺនរៀល

​កណ្តាល​ ៖​ ប៉ូលិស ស្រុកស្អាងបានឃាត់បុរសម្នាក់ក្នុងករណី អំពើលួចសត្វគោ​ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល​ នៅចំណុចចុងព្រែកតាឃុត ស្ថិតនៅភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ១-ឈ្មោះ មីន ហ៊ីម ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទត្រី (អ្នកទិញគោ) មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និង២-ឈ្មោះ តក់ សុវណ្ណ ភេទប្រុស អាយុ​៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ម្ចាស់គោ​) មានទីលំនៅភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

​ចំណែកជនសង្ស័យ ឈ្មោះ ឆែ ឈិន​ ហៅឈិត ភេទប្រុស អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ជាងជួសជុលម៉ូតូ។ មានស្រុកកំណើត នៅភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) បច្ចុប្បន្នរស់នៅភូមិខ្នា ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យក​ គោញីចំនួន០១ក្បាល (សម្បុរស)។ 

​ប៉ូលិសបន្តថា​ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១រសៀលមានឈ្មោះ ឆែ ឈិន បានលួចគោញីមួយក្បាលជារបស់ឈ្មោះ តក់ សុវណ្ណ ដែលចងឱ្យស៊ីស្មៅនៅចុងព្រែកតាឃុត រួចយកមកលក់ឱ្យឈ្មោះ មីន ហ៊ីម តម្លៃ១.៣០០.០០០ (មួយលានសាមសិបម៉ឺន​រៀល)​។ បន្ទាប់មក ឈ្មោះ មីន ហ៊ីម យកគោនេះទៅកុងស៊ីកាប់គោស្ថិតនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

លុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ទើបម្ចាស់គោឈ្មោះ តុក សុវណ្ណ តាមរកឃើញគោរបស់ខ្លួន ហើយបានមកសុំយកគោ ដែលបាត់ខាងលើ ដោយឈ្មោះ មីន ហ៊ីម បានយល់ព្រមប្រគល់គោឱ្យទៅម្ចាស់ដើមវិញ ដែលខ្លួនត្រូវខាតបង់ប្រាក់ថ្លៃទិញគោនេះទាំងស្រុង។

​រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៤ល្ងាច ក្រោយពេលទំនាក់ទំនង ទូរស័ព្ទជាមួយឈ្មោះ ឆែ ឈិន ថាមានគោលក់ទៀតទេ​ ទើបឈ្មោះ មីន ហ៊ីម បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាល និងកម្លាំងប៉ុស្តិ៍ស្អាងភ្នំ ធ្វើការឃាត់ខ្លួនបានឈ្មោះ ឆែ ឈិន នៅចំណុចអូរចារស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង រួចបញ្ជូនមកអធិការដ្ឋានប៉ូលកសស្រុកស្អាង ដើម្បីបន្ដអនុវត្តនីតិវិធី។

​ចំពោះគោមួយក្បាលខាងលើគឺ ឈ្មោះ មីន ហ៊ីម ​យល់ព្រមប្រគល់គោទៅឱ្យ​ឈ្មោះ តក់ សុវណ្ណ ហើយក្រោយមកទើបប្តឹងមកសមត្ថកិច្ច៕


 

adverise with khmeread