ចោរបាញ់គំរាមមួយគ្រាប់ប្លន់យកម៉ូតូពីបុរសម្នាក់ទៅបាត់

ភ្នំពេញ​ ៖​ ពួកចោរ២នាក់បាន​បាញ់កាំភ្លើងមួយគ្រាប់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចជិះគេចខ្លួនបាត់​ ​នៅវេលាម៉ោង២ និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងផ្លូវចូលវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

​ជនរងគ្រោះឈ្មោះ ចន​ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកគិតលុយនៅហាងមួយកន្លែងបានឱ្យដឹងថា​ ដំបូងរូបគេបានជិះម៉ូតូឌូកពណ៌សអ៊ុតស្គុតពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CV-2222 បើកពីត្បូងទៅជើងចេញពីកន្លែងលក់បាយក្នុងគោលបំណងត្រឡប់ទៅផ្ទះវិ​ញ​។ 

ពេលមកដល់ចំណុចខាងលើស្រាប់តែលេចជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខមកពីក្រោយ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីម៉ាករ៉ូឡូមកភ្ជង់គំរាមមិនឱ្យគាត់ដកកូនសោចេញបើកហ៊ានតែដកវានឹងបាញ់ធ្វើឱ្យគាត់ភ័យបានរត់ចោលម៉ូតូត្រូវជនសង្ស័យបាញ់សំដៅមួយគ្រាប់តែសំណាងល្អមិនត្រូវហើយជនសង្ស័យដែលអង្គុយនៅក្រោយបានលើម៉ូតូរបស់គេជិះគេចខ្លួនបាត់តែម្តង។

​ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់​​៕

adverise with khmeread