ប៉ូលិសស្រុកពញាឮបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់មនុស្ស២នាក់

​កណ្តាល​ ៖​ ប៉ូលិសស្រុកពញាឮបានសហការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី០២នាក់ រួមជាមួយវត្ថុតាងម៉ាទឹកកក០៣កញ្ចប់ និងសម្ភារៈវេចខ្ចប់មួយចំនួនត្រូវបានដកហូត​ នាថ្ងែទី៣១ ខែឧសភា ឆ្នាំ​២០១៨វេលាម៉ោង៣ និង ១៥ នាទីរសៀល នៅចំណុចផ្លូវ៥១ ភូមិភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២ នាក់រួមមាន​ ១-ឈ្មោះ ពូន ស៊ីណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ  មាន ទីលំនៅភូមិដំណាក់ព្រីងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះ ប្រេស ស្រីមុំ ភេទស្រី អាយុ​៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិអង្គ្រង ឃុំ ព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។ 

​វត្ថុតាងចាប់យកបាន សារធាតុញៀនមេតំហ្វេតាមីន ចំនួន០៣កញ្ចប់តូច ( កញ្ចប់ធំ០១ និង កញ្ចប់តូច០២) ទម្ងន់ ១,២៤ក្រាម, ជញ្ជីងថ្លឹងសារធាតុញៀន០១គ្រឿង, ទូរស័ព្ទ
Nokia ចុចពិល០១គ្រឿង និងឧបករណ៍វេចខ្ចប់ មួយចំនួន។

​ប៉ូលិសបន្តថា​ ដំបូងកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកយុត្តិធម៌ ចុះល្បាត តាមបណ្តោយផ្លូវ៥១​។ លុះដល់ចំណុចកើតហេតុ មានប្រជាពលរដ្ឋ រាយការណ៍ថា ជនសង្ស័យខាងលើ កំពុងលក់ថ្នាំញៀន នៅកន្លែងកើតហេតុ​។ 

​ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បានចុះ ដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យខាងលើ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ក៏បានបង្ក្រាបឃាត់ឆែកឆេរ រកឃើញសារធាតុញៀនចំនួន០៣កញ្ចប់ដូចខាងលើ និងបន្តការឆែកឆេរ កន្លែងដេករបស់ជនសង្យ័យ ដែលសង្ស័យចង្អុលបង្ហាញ ​បានរក និងចាប់យកជញ្ជីងថ្លឹងសារធាតុញៀន០១គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួន។

​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពូន ស៊ីណា ហៅញ៉ាញ់ បានសារភាពថា ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃគឺឈ្មោះ មុំ ភេទស្រី ប្រើនៅភូមិ អង្គ្រង ឃុំព្រះស្រែ ស្រុកត្តុង្គ ខេត្តកំពង់ស្ពឺ បីថ្ងៃទៅយកម្តង ក្នុងម្តងតម្លៃ៤០០០០០៛ (​សែសិបម៉ឺនរៀល) ដើម្បីយកមកលក់បន្ត។

​ផ្តើមចេញពីចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ពូន ស៊ីណា ហៅញ៉ាញ់​ ប៉ូលិសស្រុកពញាឮ បានសហការជាមួយប៉ូលិសស្រុកឧត្តុង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រេស ស្រីមុំ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃដដែល។ 

​បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី​៕

adverise with khmeread