ពួកអ្នកកាសែតនាំគ្នាទះដៃស្ទើរស្រក់ទឹកភ្នែក ពេលឃើញអ្នកកាសែតរុស្ស៊ីបង្ហាញខ្លួនទាំងនៅរស់ ក្រោយមេប៉ូលិសអ៊ុយក្រែនប្រកាសថាគាត់ត្រូវឃាតករបាញ់ស្លាប់

អ្នកកាសែតប្រឆាំងជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានគេបាញ់សម្លាប់ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន បែរជានៅមានជីវិតគួរឱ្យភ្ញាក់ផ្អលនៅឯសន្និសីទកាសែតមួយ ក្នុងប្រទេសអ៊ុយក្រែន។

លោក Arkady Babchenko បានបង្ហាញខ្លួននៅឯសន្និសីទកាសែតរបស់មន្រ្តីប៉ូលិសមួយកាលពីល្ងាចថ្ងៃពុធនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន ដែលកំពុងរង់ចាំស្តាប់ព័ត៌មានលម្អិតអំពីការស៊ើបអង្កេតក្នុងករណីឃាតកម្មរបស់គាត់ ជាហេតុធ្វើឱ្យក្រុមអ្នកកាសែតស្រឡាំងកាំងផង និងទះដៃអបអរទាំងរំភើបផង។

លោក Vasily Gritsak ដែលជាមេដឹកនាំសន្តិសុខអ៊ុយក្រែន បានបញ្ជាក់ថា អ្នកសារព័ត៌មានបានចុះផ្សាយការស្លាប់ក្លែងក្លាយរបស់លោក Babchenko ដើម្បីចាប់មនុស្ស ដែលកំពុងព្យាយាមតាមសម្លាប់គាត់។

កាលពីថ្ងៃអង្គារ មេប៉ូលិសអ៊ុយក្រែនបាននិយាយថា លោក Babchenko ដែលជាអ្នកកាសែតរិះគន់វិមានក្រឹមឡាំងមួយរូប និងជាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមជើងចាស់របស់រុស្ស៊ី ត្រូវបានគេបាញ់បីគ្រាប់ពីក្រោយខ្នង ខណៈដែលគាត់បានចាកចេញពីអគារស្នាក់នៅរបស់គាត់ដើម្បីទិញនំប៉័ង។ ហើយមន្ត្រីរដ្ឋាភិបាលមួយរូបក៏បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយផងដែរថា លោក Babchenko វ័យ ៤១ឆ្នាំ បានស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕


 

adverise with khmeread