ចូលអង់គ្លេសមិនកើត ធ្វើការស្អីក៏មិនកើត ម្ចាស់ក្លឹប Chelsea ក្តៅចិត្ត លុបចោលគម្រោងសង់ស្តាតថ្មីល្អដាច់គេតម្លៃជាង ១ ពាន់លានដុល្លារ ឱ្យស្រឡះដៃធេងទាំងអស់គ្នា

ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភា បានលុបចោលគម្រោងកសាងកីឡដ្ឋានថ្មី Stamford Bridge តម្លៃ ១ ពាន់លានដុល្លារ និងបានហែកចោលពាក្យសុំទិដ្ឋាការនៅចក្រភពអង់គ្លេសរបស់គាត់ បន្ទាប់ពីចក្រភពអង់គ្លេសបានធ្វើសង្គ្រាមជាមួយពួកមហាសេដ្ឋីរុស្ស៊ី ក្រោយពីការបំពុលអតីតចារកម្មរុស្ស៊ីនៅទីក្រុង Salisbury។

មហាសេដ្ឋីរុស្ស៊ីអាយុ ៥១ ឆ្នាំរូបនេះបានស្វះស្វែងសុំសញ្ជាតិអ៊ីស្រាអែលដើម្បីទទួលបានទិដ្ឋាការចូលចក្រភពអង់គ្លេស បន្ទាប់ពីការិយាល័យក្រសួងមហារផ្ទៃបានបដិសេធចេញទិដ្ឋាការវិនិយោគិនឱ្យគាត់ ដែលធ្វើឱ្យគាត់ធ្វើការលែងបានតទៅទៀតក្នុងចក្រភពអង់គ្លេស។

លោក Abramovich ដែលមានទ្រព្យសម្បត្តិ ១២,៣ ពាន់លានដុល្លារ តាមដឹងគឺបានលុបចោលគម្រោងសង់កីឡដ្ឋានថ្មីរបស់ Chelsea ព្រោះគាត់មិនចង់វិនិយោគលុយ ១,៣៣ ពាន់លានដុល្លារទៅក្នុងប្រទេសមួយ ដែលឥឡូវនេះគាត់មិនត្រូវបានគេអនុញ្ញាតឱ្យធ្វើការងារ នោះឡើយ។

ហើយឥឡូវជម្លោះរបស់គាត់ជាមួយចក្រភពអង់គ្លេសរឹតតែក្តៅគគុកថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រភពនៅអ៊ីស្រាអែលបាននិយាយថា គាត់បានហែកចោលពាក្យសុំទិដ្ឋាការចូលចក្រភពអង់គ្លេសរបស់គាត់ទាំងស្រុង ដោយសារគាត់ធុញទ្រាន់នឹងការរង់ចាំយូរខ្លាំងពេក។

មហាសេដ្ឋីប្រេងនិងដែកថែបរុស្ស៊ីរូបនេះត្រូវសុំទិដ្ឋាការថ្មីសុំ បន្ទាប់ពីទិដ្ឋាការវិនិយោគិនរយៈពេល ៤០ ខែរបស់គាត់បានអស់សុពលភាពកាលពីខែមេសា ដោយហាមគាត់មិនឱ្យចូលអង់គ្លេស និងបង្ខំឱ្យគាត់ខកខានការឈ្នះពានរង្វាន់ FA Cup របស់ Chelsea កាលពី ២ សប្តាហ៍មុន។

ជម្លោះជូរចត់រវាងអង់គ្លេសនិងរុស្ស៊ីក្រោយពីការប៉ុនប៉ងធ្វើឃាតទៅលើលោក Sergei Skripal  មានន័យថាមហាសេដ្ឋីរុស្ស៊ីរាប់រយនាក់ដែលចង់បានទិដ្ឋាការ "លំដាប់ទី ១" ដែលគេចាត់ទុកថាជា "ទិដ្ឋាការមាស" នោះ ត្រូវតែបង្ហាញថាសាច់ប្រាក់របស់ពួកគេ "មិនមែនជាលុយកខ្វក់"។

ការសម្រេចចិត្តរបស់លោក Abramovich ក្នុងការលុបចោលគម្រោងសង់កីឡាដ្ឋានតម្លៃ ១,៣៣ ពាន់លានដុល្លារនេះ គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះគាត់បានចំណាយពេល ១៥ ឆ្នាំដើម្បីបន្តក្តីសុបិនរបស់គាត់ដើម្បីកសាងកីឡដ្ឋានល្អបំផុតរបស់ទ្វីបអឺរ៉ុបសម្រាប់ក្រុមតោខៀវ Chelsea៕ 

adverise with khmeread